ក្រុមឆ្មាំល្បាតឆ្នេក្រិក បានជួយសង្រ្គោះជនអន្តោប្រវេសន៍ប្រហែល ៥៤៥នាក់ ចេញពីទូកនេសាទមួយគ្រឿងនៅកោះភាគភាគខាងត្បូង Gavdos ជិតកោះ Crete នាថ្ងៃសុក្រនេះ ដែលស្ថិតក្នុងចំណោមក្រុមជនអន្តោប្រវេសន៍ច្រើនបំផុត ធ្វើដំណើរមកដល់ប្រទេសក្រិក ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ។
ឆ្មាំល្បាត់ឆ្នេរក្រិក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបានរកឃើញ អំឡុងប្រតិបត្តិការស្វែងរករបស់ក្រិកនៅចម្ងាយប្រហែលជាង ២៩គ.មពីកោះ Gavdos ។ ពួកគេទាំងអស់គ្មានបញ្ហាគ្រោះថ្នាក់អ្វីនោះទេ ហើយត្រូវបាននាំយកទៅកាន់កំពង់ផែ Agia Galini ស្ថិតនៅលើកោះ Crete ។
ក្រិកស្ថិតនៅជួរមុខនៃវិបត្តិអន្តោប្រវេសន៍ឆ្នាំ ២០១៥-១៦ ពេលដែលមនុស្សជាង ១លាននាក់ មកពីតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក បានធ្វើដំណើរទៅដល់តំបន់ឆ្នេររបស់ពួកគេ មុនពេលបន្តដំណើរទៅកាន់ប្រទេសអឺរ៉ុបផ្សេងទៀត ជាពិសេសប្រទេសអាល្លឺម៉ង់ ។
លំហូរជនអន្តោប្រវេសន៍ចាប់ផ្តើមថយចុះចាប់តាំងពីពេលនោះមក ប៉ុន្តែកោះ Crete និងកោះ Gavdos ដែលជាកោះក្នុងសមុទ្រមេឌីទែរ៉ាណេស្ថិតនៅជិតបំផុតនឹងតំបន់ឆ្នេរអាហ្វ្រិក នៅតែមើលឃើញការកើនឡើងចំនួនទូកជនអន្តោប្រវេសន៍ ភាគច្រើនមកពីប្រទេសលីប៊ី ដោយពួកគេធ្វើដំណើរមកដល់តំបន់ឆ្នេរ ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ ហើយឧបទ្ទេវហេតុគ្រោះថ្នាក់ស្លាប់ដល់អាយុជីវិត បានក្លាយជារឿងធម្មតាទៅហើយនៅតាមផ្លូវរបស់ពួកគេ ៕