ក្រសួងការពារជាតិចិន បានឲ្យដឹងនៅថ្ងៃសុក្រ (ទី១៩ ខែធ្នូ) នេះថា យោធារបស់ប្រទេសចិន នឹងបង្កើនការហ្វឹកហ្វឺន និង «ចាត់វិធានការខ្លាំងក្លា» ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេស ជាការឆ្លើយតបទៅនឹងកញ្ចប់លក់សព្វាវុធរបស់សហរដ្ឋអាមេរិកដែលបានគ្រោងទុកចំនួន ១១,១ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់។
កញ្ចប់ ដែលជាកម្រិតដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ក្នុងការលក់ទៅឲ្យកោះដែលទីក្រុងប៉េកាំងចាត់ទុកជាដែនដីរបស់ខ្លួន កើតឡើងនៅពេលដែលប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើកោះតៃវ៉ាន់។
ក្រសួងបានឲ្យដឹងថា ខ្លួនបានដាក់ «ការតវ៉ាយ៉ាងខ្លាំង» ជាមួយសហរដ្ឋអាមេរិក ហើយបានជំរុញឲ្យប្រទេសនេះបញ្ឈប់ការលក់អាវុធឲ្យទៅកោះតៃវ៉ាន់ជាបន្ទាន់ និងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនមិនគាំទ្រ «កងកម្លាំងចង់បានឯករាជ្យរបស់កោះតៃវ៉ាន់»។
សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់ថា «កងកម្លាំងបំបែកខ្លួន ដើម្បីឯករាជ្យរបស់កោះតៃវ៉ាន់» ដោយមិនខ្វល់ពីសុវត្ថិភាព និងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ ប្រើប្រាស់ប្រាក់ដែលរកបានដោយលំបាករបស់ប្រជាជនសាមញ្ញ ដើម្បីយកទៅឲ្យឈ្មួញលក់អាវុធរបស់សហរដ្ឋអាមេរិក ជាការប៉ុនប៉ង «ស្វែងរកឯករាជ្យដោយពឹងផ្អែកលើកម្លាំងយោធា»។
ក្រសួងបានបន្ថែមថា សហរដ្ឋអាមេរិក ដោយបានរំលោភលើការប្ដេជ្ញាចិត្តម្តងហើយម្តងទៀត ហើយគាំទ្រការចង់បានឯករាជ្យរបស់កោះតៃវ៉ាន់ នឹងប្រឈមជាមួយផលវិបាកជាមិនខាន។
ក្រសួងបានសង្កត់ធ្ងន់ថា៖ «កងទ័ពរំដោះប្រជាជនចិន នឹងបន្តពង្រឹងការហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធ ចាត់វិធានការខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ហើយបញ្ឈប់ទាំងស្រុងនូវការប៉ុនប៉ងបំបែកខ្លួន ដើម្បីឯករាជ្យរបស់កោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ»៕