ប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកចំហនូវលទ្ធភាពមានសង្រ្គាមជាមួយវ៉េណេស៊ុយអេឡា ខណៈដែលអ្នកការទូតជាន់ខ្ពស់របស់លោក Marco Rubio កាលពីថ្ងៃសុក្រ (ទី១៩ ខែធ្នូ) បានប្តេជ្ញាអនុវត្តការបិទផ្លូវលើប្រភពចំណូលពីធនានប្រេងរបស់ប្រទេសនេះ។

នៅពេលត្រូវបានសួរនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ NBC News ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ពាក់ព័ន្ធនឹងសង្រ្គាមជាមួយវ៉េណេស៊ុយអេឡា លោក Trump បាននិយាយថា លោកមិនច្រានចោលវាទេ»។

តែយ៉ាងណាក្ដី លោក Trump បានបដិសេធមិននិយាយថា តើលោកចង់ទម្លាក់លោកប្រធានាធិបតី Nicolas Maduro ពីអំណាចដែរ ឬទេ បន្ទាប់ពីបាននិយាយនៅក្នុងបទសម្ភាសន៍នៅមុននេះថា «ពេលវេលាមិនយូរទៀតទេ» សម្រាប់អ្នកដឹកនាំឆ្វេងនិយម។ លោក Trump បានឆ្លើយបញ្ជាក់ថា៖ «គាត់ (លោក Maduro) ដឹងពីអ្វីដែលខ្ញុំចង់បាន។ គាត់ដឹងច្បាស់ជាងអ្នកណាទាំងអស់»។
ក្នុងអំឡុងពេលមានសន្និសីទសារព័ត៌រយៈពេល ២ម៉ោង នៅក្រសួងការបរទេស ដែលលោកបាននិយាយទាំងជាភាសាអង់គ្លេស និងភាសាអេស្ប៉ាញ លោក Rubio ដែលត្រូវបានសួរម្តងហើយម្តងទៀត អំពីប្រទេសវ៉េណេស៊ុយអេឡា ក៏បានបដិសេធមិនឆ្លើយយ៉ាងច្បាស់លាស់ថា តើសហរដ្ឋអាមេរិកមានបំណងចង់ផ្តួលរំលំលោក Maduro ប៉ុន្តែលោកបានប្ដេជ្ញាថា នឹងបន្តចាត់វិធានការយ៉ាងខ្លាំងក្លា។
កាលពីដើមសប្តាហ៍នេះ លោក Trump បានប្រកាសថា វ៉េណេស៊ុយអេឡា «ត្រូវបានហ៊ុព័ទ្ធទាំងស្រុងដោយនាវាចម្បាំងដ៏ច្រើនបំផុតមិនធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រអាមេរិកខាងត្បូង" ។ លោក Trump បានប្តេជ្ញាថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការនាំចេញប្រេងរបស់វ៉េណេស៊ុយអេឡា ជាអ្វីដែលលោកបានពិពណ៌នាថា ជាការអនុវត្តទណ្ឌកម្មដែលដាក់ដោយសហរដ្ឋអាមេរិកជាឯកតោភាគី៕