មន្ត្រីអាមេរិក បានប្រាប់ឲ្យដឹងថា យោធាអាមេរិក កាលពីថ្ងៃសុក្រ (ទី១៩ ខែធ្នូ) បានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅរបស់ក្រុមរដ្ឋឥស្លាមរាប់សិបកន្លែង នៅប្រទេសស៊ីរី ដើម្បីជាការសងសឹកចំពោះការវាយប្រហារលើបុគ្គលិកអាមេរិក។

លោកប្រធានាធិបតី Donald Trump បានប្តេជ្ញាសងសឹក បន្ទាប់ពីមានការវាយប្រហារលើបុគ្គលិកអាមេរិកកាលពីចុងសប្តាហ៍កន្លងទៅ នៅស៊ីរី ដោយសង្ស័យថា ជាស្នាដៃរបស់សមាជិករដ្ឋឥស្លាម។ លោក Trump បាននិយាយកាលពីថ្ងៃទី១៩ ខែធ្នូថា យោធាអាមេរិក បានបើក «ការសងសឹកយ៉ាងធ្ងន់ធ្ងរ» ប្រឆាំងនឹងក្រុមរដ្ឋឥស្លាម នៅស៊ីរី បន្ទាប់ពីមានការវាយប្រហារដែលបានសម្លាប់ជនជាតិអាមេរិក ៣នាក់។
លោកបានសរសេរលើបណ្ដាញសង្គម Truth Social ថា៖ «យើងកំពុងវាយប្រហារយ៉ាងខ្លាំងក្លា ប្រឆាំងនឹងទីតាំងរបស់ ISIS (រដ្ឋឥស្លាម) នៅក្នុងប្រទេសស៊ីរី ជាកន្លែងដាបដោយឈាមដែលមានបញ្ហាជាច្រើន ប៉ុន្តែជាកន្លែងមួយដែលមានអនាគតដ៏ភ្លឺស្វាង ប្រសិនបើ ISIS អាចត្រូវបានកម្ចាត់»។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Pete Hegseth បានបញ្ជាក់អះអាងថា ការវាយប្រហារនេះ សំដៅទៅលើ «អ្នកប្រយុទ្ធ ហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងអាវុធរបស់ក្រុម ISIS»។ ហើយមន្ត្រីអាមេរិក ២នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ការវាយប្រហារនេះ គឺប្រឆាំងនឹងគោលដៅរបស់ក្រុមរដ្ឋឥស្លាមរាប់សិប នៅទូទាំងភាគកណ្តាលនៃប្រទេសស៊ីរី។
បើយោងតាមយោធាអាមេរិក បានឲ្យដឹងថា ទាហានអាមេរិក ២នាក់ និងអ្នកបកប្រែជនស៊ីវិលម្នាក់ ត្រូវបានសម្លាប់ កាលពីថ្ងៃទី១៣ ខែធ្នូ នៅក្នុងទីក្រុង Palmyra ភាគកណ្តាលស៊ីរី ដោយអ្នកវាយប្រហារម្នាក់បានកំណត់គោលដៅលើក្បួនរថយន្តរបស់កងកម្លាំងអាមេរិក និងស៊ីរី មុនពេលត្រូវបានបាញ់សម្លាប់។ ទាហានអាមេរិក ៣នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ អំឡុងការវាយប្រហារនោះ៕

