លោក Mohamed Abu Selmia ប្រធានមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា លោក Mohamed Abu Selmia បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ (ទី១៩ ខែធ្នូ) ថា ជនជាតិប៉ាឡេស្ទីន ៥នាក់យ៉ាងតិច ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនមួយកន្លែង ដែលផ្តល់ជម្រកដល់ជនភៀសខ្លួន នៅក្នុងសង្កាត់ Al-Tuffah ភាគខាងកើតនៃទីក្រុងហ្កាហ្សា។

សេវាសង្គ្រោះបន្ទាន់ស៊ីវិលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភាគច្រើននៃអ្នកស្លាប់គឺជាកុមារ ហើយបានបន្ថែមថា អ្នករបួសមួយចំនួនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាល។ សេវាសង្គ្រោះបន្ទាន់ស៊ីវិលនេះ បានបន្ថែមថា ពួកគេអាចត្រឹមតែយកបានសាកសព បន្ទាប់ពីការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បានសម្របសម្រួលជាមួយអ៊ីស្រាអែល។

ពាក់ព័ន្ធនឹងការវាយប្រហារនេះ កងកម្លាំងការពារអ៊ីស្រាអែលបានប្រាប់ឲ្យដឹងថា មានបុគ្គលគួរឲ្យសង្ស័យមួយចំនួន ត្រូវបានកំណត់អត្តសញ្ញាណ នៅក្នុងរចនាសម្ព័ន្ធទីបញ្ជាការនៅខាងក្រៅបន្ទាត់បទឈប់បាញ់ដែលត្រូវបានកំណត់ ហើយកងទ័ពរបស់ខ្លួន បានបាញ់ប្រហារពួកគេ។
យោធាអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «IDF (កងកម្លាំងការពារជាតិអ៊ីស្រាអែល) ដឹងពីការអះអាង ទាក់ទងនឹងការស្លាប់ និងរបួសនៅក្នុងតំបន់នេះ ហើយព័ត៌មានលម្អិត កំពុងស្ថិតក្រោមការត្រួតពិនិត្យ»។
បើយោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា ជាមួយនឹងចំនួនអ្នកត្រូវបានសម្លាប់ទាំង ៥នាក់នោះ ជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែល បានកើនឡើងដល់ ៤០០នាក់ហើយ ចាប់តាំងពីបទឈប់បាញ់ បានចាប់ផ្តើមកើតមានកាលពីខែតុលា៕