យោធារបស់ប្រទេសចិន នឹងបង្កើនការហ្វឹកហ្វឺន និង «ចាត់វិធានការយ៉ាងតឹងរ៉ឹង» ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេស ជាការឆ្លើយតបទៅនឹងកញ្ចប់លក់សព្វាវុធរបស់សហរដ្ឋអាមេរិកដែលបានគ្រោងទុកចំនួន ១១,១ពាន់លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់។ នេះបើតាមការឲ្យដឹងពីក្រសួងការពារជាតិចិន កាលពីថ្ងៃសុក្រ (ទី១៩ ខែធ្នូ)។

កញ្ចប់ ដែលជាកម្រិតដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ក្នុងការលក់អាវុធទៅឲ្យកោះដែលទីក្រុងប៉េកាំងចាត់ទុកជាដែនដីរបស់ខ្លួន កើតឡើងនៅពេលដែលប្រទេសចិន បាននិងកំពុងបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើកោះតៃវ៉ាន់។
ក្រសួងបានឲ្យដឹងថា ខ្លួនបានដាក់ «ការតវ៉ាយ៉ាងខ្លាំង» ជាមួយសហរដ្ឋអាមេរិក ហើយបានជំរុញឲ្យប្រទេសនេះបញ្ឈប់ការលក់អាវុធឲ្យទៅកោះតៃវ៉ាន់ជាបន្ទាន់ និងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនមិនគាំទ្រ «កងកម្លាំងចង់បានឯករាជ្យរបស់កោះតៃវ៉ាន់»។

សេចក្តីថ្លែងការណ៍របស់ក្រសួងបានបញ្ជាក់ថា «កងកម្លាំងបំបែកខ្លួន ដើម្បីឯករាជ្យរបស់កោះតៃវ៉ាន់» ដោយមិនខ្វល់ពីសុវត្ថិភាព និងសុខុមាលភាពរបស់ជនរួមជាតិតៃវ៉ាន់ ប្រើប្រាស់ប្រាក់ដែលរកបានដោយលំបាករបស់ប្រជាជនសាមញ្ញ ដើម្បីយកទៅឲ្យឈ្មួញលក់អាវុធរបស់សហរដ្ឋអាមេរិក ជាការប៉ុនប៉ង «ស្វែងរកឯករាជ្យដោយពឹងផ្អែកលើកម្លាំងយោធា»។
ក្រសួងបានបន្ថែមថា សហរដ្ឋអាមេរិក ដោយបានរំលោភលើការប្ដេជ្ញាចិត្តម្តងហើយម្តងទៀត ហើយគាំទ្រការចង់បានឯករាជ្យរបស់កោះតៃវ៉ាន់ នឹងប្រឈមជាមួយផលវិបាកជាមិនខាន។ ក្រសួងបានសង្កត់ធ្ងន់ថា៖ «កងទ័ពរំដោះប្រជាជនចិន នឹងបន្តពង្រឹងការហ្វឹកហ្វឺន និងការត្រៀមខ្លួនប្រយុទ្ធ ចាត់វិធានការខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ហើយបញ្ឈប់ទាំងស្រុងនូវការប៉ុនប៉ងបំបែកខ្លួន ដើម្បីឯករាជ្យរបស់កោះតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ»។
យ៉ាងណាក្ដី ក្រសួងមិនបានបញ្ជាក់ឲ្យបានលម្អិតថា តើវិធានការអ្វី ដែលទីក្រុងប៉េកាំងនឹងមាននោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើច្បាប់ឲ្យក្លាយជាច្បាប់ជាធរមាន សម្រាប់សេចក្ដីស្នើច្បាប់ការពារជាតិប្រចាំឆ្នាំមានទឹកប្រាក់ជិត ១សែនកោដិដុល្លារ ដែលផ្តល់មូលនិធិពេញលេញដល់គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសន្តិសុខកោះតៃវ៉ាន់ ១ពាន់លានដុល្លារ និងអនុញ្ញាតឲ្យផ្តល់មូលនិធិ សម្រាប់កងកម្លាំងសហរដ្ឋអាមេរិក ដើម្បីបន្តការបណ្តុះបណ្តាល សម្រាប់កោះតៃវ៉ាន់៕