កែប៖ ខេត្តកែប ទទួលបានពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានស្អាតអាស៊ាលើកទី៤ ប្រចាំឆ្នាំ២០២១ ដែលតាមរយៈពានរង្វាន់នេះ ត្រូវគេមើលឃើញថា ខេត្តនេះ នឹងកាន់តែមានកិតិ្តសព្ទល្បីរន្ទឺ និងអាចស្រូបទាញភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ផងដែរ។
នៅព្រឹកថ្ងៃទី១ ខែមីនានេះ រដ្ឋបាលខេត្តកែប បានរៀបចំពិធីអបអរសាទរក្រុងកែប ខេត្តកែប បាន ទទួលវិញ្ញាបនបត្រទទួលស្គាល់ជាទីទីក្រុងនិរន្តរភាពបរិស្ថានស្អាតអាស៊ាលើកទី៤ ប្រចាំឆ្នាំ២០២១ ពិធីនេះ ប្រធានមន្ទីរទេសចរណ៍ខេត្ត លោក សោម ចិន្តា បានបញ្ជាក់ថា ខេត្តកែប ទទួលបានពាន រង្វាន់ច្រើន ទាក់ទងបរិស្ថាន និងអនាម័យ ។
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឲ្យដឹងដែរថា ខេត្តកែប ធ្លាប់ទទួលបានពានរង្វាន់ នេះម្តងហើយ ដែលនេះគឺជាការទទួលជាលើកទី២។
យុវជនខេត្តកែប បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយរបស់ខ្លួនថា ពួកគេពិតជាមាន មោទនភាពក្រៃលែង ដែលខេត្តកែប ទទួលបាពានរង្វាន់នេះ។
ដើម្បីបន្តទទួលបានពានរង្វាន់នេះ និងពានរង្វាន់ផ្សេងៗទៀត ឯកឧត្តម បានស្នើដល់គ្រប់ភាគី ទាំងអស់ ចូលរួមថែរក្សាការពារបរិស្ថានអនាម័យ ហើយរាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ ត្រូវសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមឲ្យបានត្រឹមត្រូវ។
រាល់មូលដ្ឋានបម្រើសេវាទេសចរណ៍ និងសិប្បកម្មនានា ដែលមានទីតាំងជាប់ឆ្នេសមុទ្រ ត្រូវមានអាងប្រព្រឹត្តកម្មទឹកកខ្វក់ ឬធុងចម្រោះទឹកកខ្វក់ផ្ទាល់ខ្លួន មុនបង្ហូរចូល ប្រព័ន្ធលូសាធារណៈគ្រប់ទីកន្លែង។
ស្ថានប័នរដ្ឋ និងឯកជនផ្ទះប្រជាពលរដ្ឋត្រូវមានធុងសំរាម និងទទួលយកសេវាប្រមូលសំរាម។ គ្រប់ការដ្ឋានយករ៉ែផ្សេងៗ ការដ្ឋានសំណង់ ផ្លូវថ្នល់ ត្រូវអុវត្តតាមបច្ចេកទេសឲ្យបានត្រឹមត្រូវ ជាពិសេស ឧទ្យានជាតិខេត្តកែប ត្រូវបន្តថែទាំដាំដើមឈើបន្ថែម ៕អត្ថបទ៖ អន សារឹម