សម្ព័ន្ធមិត្តអ៊ឺរ៉ុបរបស់អ៊ុយក្រែន កំពុងចូលរួមក្នុងការចរចាជុំថ្មី នៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី១៩ ខែធ្នូ) ខណៈដែលប្រធានាធិបតី Donald Trump ជំរុញផែនការ ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីដែលមានរយៈពេលជិត ៤ឆ្នាំហើយ។

បេសកជនសកលរបស់លោក Trump លោក Steve Witkoff និងកូនប្រសារបស់មេដឹកនាំអាមេរិក គឺលោក Jared Kushner កំពុងធ្វើជាម្ចាស់ផ្ទះកិច្ចចរចានេះ នៅទីក្រុង Miami ដែលរួមមានអ្នកចរចាជាន់ខ្ពស់របស់អ៊ុយក្រែន គឺលោក Rustem Umerov អង់គ្លេស បារាំង និងអាល្លឺម៉ង់ផងដែរ។

មន្ត្រីអាមេរិក បាននិងកំពុងធ្វើដំណើរ ជុំវិញពិភពលោក ដើម្បីប្រឹងប្រែងធ្វើឲ្យរលូននូវសេចក្ដីលម្អិតនៃផែនការមួយ ដែលជាក្តីសង្ឃឹមនៃការដោះស្រាយសង្គ្រាមដ៏ធំបំផុតរបស់អឺរ៉ុបជាលើកដំបូង ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនបង្ខំឲ្យឈានដល់កិច្ចព្រមព្រៀងនោះទេ ដោយប្រាប់អ្នកសារព័ត៌មានថា «ការនិទានរឿង ដែលថា យើងកំពុងព្យាយាមដាក់សម្ពាធលើអ៊ុយក្រែន គឺជាការនិយាយដោយមិនពិចារណាអ្វីសោះ»។
មន្ត្រីរុស្ស៊ី ដែលតាមសេចក្តីរាយការណ៍ រួមមានអ្នកចរចារបស់វិមានក្រឹមឡាំង លោក Kirill Dmitriev និងមន្ត្រីអាមេរិក ត្រូវបានគេរំពឹងថា នឹងជួបប្រជុំដាច់ដោយឡែកពីគ្នា នៅរដ្ឋ Florida នាចុងសប្តាហ៍នេះ ខណៈដែលកិច្ចប្រឹងប្រែងការទូតដ៏ខ្លាំងក្លានៅតែបន្តមាន។
លោក Umerov បានឲ្យដឹងនៅលើបណ្ដាញសង្គមថា លោក និងលោក Andriy Gnatov ដែលជាប្រធានបុគ្គលិកនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន «នឹងចាប់ផ្តើមការពិគ្រោះយោបល់មួយផ្សេងទៀតជាមួយភាគីអាមេរិក» នៅទីក្រុង Miami។ ហើយលោកបានបន្ថែមថា៖ «តាមការអញ្ជើញរបស់ភាគីអាមេរិក ដៃគូអឺរ៉ុបក៏ចូលរួមនៅក្នុងទម្រង់នេះផងដែរ»។
មន្ត្រីសេតវិមានបានប្រាប់បណ្ដាញសារព័ត៌មានថា លោក Witkoff និង Kushner «កំពុងជួបជាមួយលោក Umerov ក៏ដូចជាទីប្រឹក្សាសន្តិសុខជាតិមកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នាពេលព្រឹក»៕