រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃសុក្រនេះ (ទី២០ ខែធ្នូ) ថា ក្រសួងការបរទេស បានបដិសេធសំណើសុំទិដ្ឋាការរបស់លោក Marlon Ochoa ដែលជាសមាជិកក្រុមប្រឹក្សាបោះឆ្នោតជាតិហុងឌូរ៉ាស ហើយបានលុបទិដ្ឋាការរបស់លោក Mario Morazan ប្រធានតុលាការបោះឆ្នោតរបស់ប្រទេសហុងឌូរ៉ាស។

ការបោះឆ្នោតប្រធានាធិបតីហុងឌូរ៉ាស បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ប៉ុន្តែកន្លងទៅជិត ៣សប្តាហ៍ហើយ នៅតែមិនទាន់មានភាពច្បាស់លាស់ថា តើបេក្ខជនគណបក្សនយោបាយរូបណា នឹងក្លាយជាប្រធានាធិបតីបន្ទាប់របស់ប្រទេស។
ការបោះឆ្នោតដ៏ច្របូកច្របល់ ត្រូវបានរំខានដោយដំណើរការរាប់សន្លឹកឆ្នោតមិនសូវល្អ ការចោទប្រកាន់ពីការក្លែងបន្លំ និងអន្តរាគមន៍របស់សហរដ្ឋអាមេរិក។

លោក Rubio បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ក្រសួងបានបដិសេធការស្នើសុំទិដ្ឋាការរបស់លោក Marlon Ochoa ហើយបានចាត់វិធានការរឹតបន្តឹងទិដ្ឋាការលើបុគ្គលផ្សេងទៀត ដោយសារការបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសហុងឌូរ៉ាស»។ លោកបានបន្ថែមថា៖ «យើងនឹងពិចារណាវិធានការសមស្របទាំងអស់ ដើម្បីរារាំងអ្នកដែលធ្វើជាឧបសគ្គដល់ការរាប់សន្លឹកឆ្នោត នៅក្នុងប្រទេសហុងឌូរ៉ាស»។
លោក Ochoa និងលោក Morazan មិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters។ ប៉ុន្មានសប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣០ ខែវិច្ឆិកា លោក Ochoa បាននិយាយថា ការត្រួតពិនិត្យសាកល្បង បានបង្ហាញពីគុណវិបត្តិយ៉ាងខ្លាំងនៅក្នុងប្រព័ន្ធរាប់សន្លឹកឆ្នោត ពោលគឺមានតែការអនុវត្តរាប់សន្លឹកឆ្នោត ៣៦ភាគរយប៉ុណ្ណោះដែលដំណើរការបានល្អ។
ការរាប់ដោយដៃអាចផ្លាស់ប្តូរបានយ៉ាងងាយស្រួលនូវលទ្ធផលនៃការបោះឆ្នោតបឋម ដែលបានឃើញថា បេក្ខជនអភិរក្សនិយម លោក Nasry Asfura របស់គណបក្សជាតិ (National Party) បាននាំមុខជាមួយនឹងសំឡេងស្ដួចស្ដើងចំនួន ៤៣.០០០សំឡេង ក្នុងចំណោមសន្លឹកឆ្នោតជាង ៣លានសន្លឹក លើបេក្ខជនក្រុមឆ្វេង-ស្ដាំនិយម គឺគណបក្សសេរីនិយម (Liberal Party) លោក Salvador Nasralla។
ក្រុមប្រឹក្សាមានរយៈពេលរហូតដល់ថ្ងៃទី៣០ ខែធ្នូ ដើម្បីប្រកាសអ្នកឈ្នះការបោះឆ្នោត ដែលនឹងត្រូវចូលកាន់តំណែងនៅចុងខែមករា សម្រាប់អាណត្តិ ៤ឆ្នាំ៕