អ៊ីស្រាអែល និងលីបង់ បានធ្វើកិច្ចពិភាក្សាគ្នាកាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃកិច្ចសន្ទនាសន្តិសុខ ដោយផ្តោតលើការរំសាយអាវុធរបស់ក្រុមហេសបូឡា និងការវិលត្រឡប់របស់ប្រជាជនទៅកាន់ផ្ទះរបស់ពួកគេ នៅក្នុងភូមិព្រំដែនភាគខាងត្បូងរបស់ប្រទេសលីបង់។ នេះបើយោងតាមប្រភពព័ត៌មានអ៊ីស្រាអែល និងលីបង់។

ក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក កិច្ចប្រជុំនេះ បានធ្វើឡើង នៅក្នុងទីក្រុង Naqoura ភាគនិរតីនៃប្រទេសលីបង់ ជិតព្រំដែនភាគខាងជើងរបស់ប្រទេសអ៊ីស្រាអែល។
លោក Yosef Dreznin អនុប្រធានគោលនយោបាយការបរទេសរបស់អ៊ីស្រាអែល នៅក្រុមប្រឹក្សាសន្តិសុខជាតិ បានតំណាងឲ្យអ៊ីស្រាអែលនៅក្នុងកិច្ចពិភាក្សា ខណៈដែលអតីតឯកអគ្គរដ្ឋទូតលីបង់ប្រចាំសហរដ្ឋអាមេរិក លោក Simon Karam បានដឹកនាំគណៈប្រតិភូលីបង់។

យោងតាមសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល កិច្ចប្រជុំនេះផ្តោតលើការរំសាយអាវុធរបស់ក្រុមហេសបូឡា និងការជំរុញគម្រោងសេដ្ឋកិច្ច ដោយបង្ហាញពីចំណាប់អារម្មណ៍ទៅវិញទៅមក ក្នុងការប្រឆាំងនឹងក្រុមហេសបូឡា និងធានាសន្តិសុខរយៈពេលវែងសម្រាប់សហគមន៍ នៅសងខាងនៃព្រំដែន។
សេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យប្រធានាធិបតីលីបង់ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សា លោក Karam បានគូសបញ្ជាក់ពីជំហររឹងមាំរបស់ប្រទេសលីបង់ លើសារៈសំខាន់ផ្នែកមនុស្សធម៌ និងជាតិ នៃការអនុញ្ញាតឲ្យអ្នកភូមិដែលត្រូវបានផ្លាស់ទីលំនៅ វិលត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញដោយសុវត្ថិភាព៕