កងទ័ពជាតិបាននិយាយកាលពីថ្ងៃសុក្រថា យ៉ាងហោចណាស់ទាហានកូឡុំប៊ី ៧នាក់ ត្រូវបានសម្លាប់ និង ៣០នាក់ រងរបួស បន្ទាប់ពីក្រុមឧទ្ទាមមួយក្រុមបានវាយប្រហារមូលដ្ឋានយោធាមួយ នៅក្នុងទីក្រុង Aguachica ភាគឦសាននៃប្រទេសនេះ។

កងទ័ពជាតិបានអះអាងកាលពីថ្ងៃសុក្រថា នៅក្នុង «សកម្មភាពភេរវកម្ម» នេះ កងទ័ពរំដោះជាតិ (ELN) បានប្រើប្រាស់យានដ្រូនដែលបំពាក់ដោយគ្រឿងផ្ទុះ ដោយរំលោភសិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ដោយធ្វើឲ្យប្រជាជនស្ថិតក្នុងស្ថានភាពហានិភ័យដ៏ធ្ងន់ធ្ងរ។

ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយនៅលើវេទិកាសង្គម X ថា៖«ការវាយប្រហារនេះ បានកើតឡើង ដោយសារតែខ្វះប្រព័ន្ធប្រឆាំងដ្រូនទំនើប» ដោយបន្ថែមថា ការបញ្ជាទិញប្រព័ន្ធនេះភ្លាមៗ ត្រូវបានធ្វើឡើង ដើម្បីទប់ស្កាត់ការវាយប្រហារបែបនេះដោយក្រុមប្រដាប់អាវុធខុសច្បាប់។
លោក Francisco Cubides អគ្គមេបញ្ជាការកងកម្លាំងយោធា បាននិយាយថា សកម្មភាពស៊ើបការណ៍សម្ងាត់ និងប្រតិបត្តិការ នឹងត្រូវបានពង្រឹង ដើម្បីទប់ទល់នឹងសកម្មភាពភេរវកម្មរបស់កងទ័ពរំដោះជាតិ (ELN)៕