ព្រះសីហនុ៖ ថ្ងៃទី២៨ ខែកុម្ភៈ ម្សិលមិញនេះ អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ី បានដឹកនាំប្រតិភូចូលជួបសម្ដែងការគួរសម ពិភាក្សាការងារ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ឱ្យកាន់តែល្អប្រសើរ។
ឯកឧត្តម Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិសភាសហព័ន្ធរុស្ស៊ី មានប្រសាសន៍ថា ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារថ្ងៃនេះ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ឱ្យកាន់តែល្អថែមទៀត ឯកឧត្តម បានកោតសរសើរដល់ការរីកចម្រើន យ៉ាងឆាប់រហ័សរបស់ខេត្តជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងសំណង់ អគារខ្ពស់ជាច្រើន។
កាលពីប៉ុន្មានឆ្នាំមុន ខេត្តព្រះសីហនុ មិនសូវឃើញ មានជនជាតិរុស្ស៊ីច្រើនទេ បន្ទាប់ពីការផ្សព្វផ្សាយរបស់ទេសចររុស្ស៊ីបង្ហាញពីការស្វាគមន៍រាក់ទាក់របស់ប្រជាជនកម្ពុជា ធ្វើឱ្យ អ្នកទេសចរណ៍រុស្ស៊ី ចង់មកកម្ពុជាកាន់តែច្រើន។
ឯកឧត្តម សង្ឃឹមថា ទេសចរណ៍រុស្ស៊ី នឹងបង្វែរមកកាន់កម្ពុជា ពិសេស ខេត្តព្រះសីហនុកាន់តែច្រើនឡើង ដោយគាំទ្រការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ក្នុងដំណើរទស្សនកិច្ចនាពេលនេះ ក៏មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចនៅប្រទេសរុស្ស៊ី និងប្រតិភូរុស្ស៊ី មកទស្សនកិច្ចខេត្តព្រះសីហនុ ដើម្បីចងសម្ព័ន្ធភាព ទីក្រុងព្រះសីហនុ និងទីក្រុង Veliky Novgorod នៃប្រទេសរុស្ស៊ីនៅពេលខាងមុខ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានលើកឡើងថា រដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កម្ពុជា ដែលកម្ពុជានៅចងចាំនូវអ្វីដែលរុស្ស៊ីបានជួយកម្ពុជាក្នុងការកសាងប្រទេសឡើងវិញនៅ ក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ ដោយបានជួយសម្ភារៈ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា កន្លងមក ក៏មានរដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន បានទៅទទួលបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ីផងដែរ។
ខេត្តព្រះសីហនុ មានសក្ដានុពល ធម្មជាតិសម្បូរបែប មានកោះតូចធំ ៣២កោះ ឆ្នេរខ្សាច់សមុទ្រ មានការអភិវឌ្ឍរីកចម្រើន ជាមួយនិងប្រព័ន្ធគមនាគមន៍ច្រើន ដូចជាកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿន (ភ្នំពេញ-ខេត្តព្រះសីហនុ) ដែលបានផ្តល់ ឱកាសដល់អ្នកវិនិយោគមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ក្នុងនោះក៏មានអ្នកវិនិយោគរុស្សីដែរ ជាពិសេសការវិនិយោគនៅ កោះក្របី ក្នុងឃុំរាម ស្រុកព្រៃនប់ ដែលមានភាពល្បីល្បាញដោយបានរៀបចំយ៉ាងប្រណិត និងការថែទាំបរិស្ថានជាគំរូក្នុងការ វិនិយោគនៅខេត្តព្រះសីហនុ។
ទេសចររុស្ស៊ី ដែលមកកាន់ខេត្តព្រះសីហនុ ជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទេសចរចិន និងវៀតណាម សូមឯកឧត្តម ជួយជំរុញទេសចរណ៍រុស្ស៊ីមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ៕