អ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់ខ្លួនបានវាយប្រហារឧបករណ៍ខួងប្រេងរបស់រុស្ស៊ីមួយ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Lukoil នៅសមុទ្រកាសព្យែន និងនាវាល្បាតយោធាមួយគ្រឿង នៅជិតឧបករណ៍ខួងប្រេងមួយគ្រឿង ខណៈដែលទីក្រុងគីវ បង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ទីក្រុងមូស្គូ។
ការវាយប្រហារនេះ ដែលអគ្គសេនាធិការអ៊ុយក្រែន បាននិយាយថា បានកើតឡើងកាលពីថ្ងៃសុក្រ គឺជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារជាបន្តបន្ទាប់ ដែលកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធខួងប្រេងរបស់រុស្ស៊ីនៅសមុទ្រកាសព្យែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែជាការវាយប្រហារលើកដំបូងដែលយោធាអ៊ុយក្រែនទទួលស្គាល់ជាផ្លូវការ។ យោងតាមយោធាអ៊ុយក្រែន រចនាសម្ព័ន្ធខួងប្រេង Filanovsky ត្រូវបានខូចខាត ក្នុងការវាយប្រហារនេះ។ ឧបករណ៍ខួងប្រេងនេះ បានរងការវាយប្រហារដោយយានដ្រូនយ៉ាងហោចណាស់ពីរដងទៀត នៅក្នុងខែធ្នូ។
សារព័ត៌មានរ៉យទ័រមិនអាចបញ្ជាក់របាយការណ៍នេះបានទេ ហើយក្រុមងហ៊ុន Lukoil មិនអាចទាក់ទងសុំ ការអត្ថាធិប្បាយភ្លាមៗបានទេ។
អ៊ុយក្រែននិយាយថា ហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ី គឺជាគោលដៅស្របច្បាប់មួយ ដោយសារប្រាក់ចំណូលពាណិជ្ជកម្ម គឺជាប្រភពសំខាន់របស់រុស្ស៊ីសម្រាប់ផ្តល់ហិរញ្ញប្បទានដល់សង្គ្រាមជិត ៤ ឆ្នាំ របស់ទីក្រុងមូស្គូប្រឆាំងនឹងប្រទេសនេះ៕