ភ្នំពេញ ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ដែលគ្រោងចំណាយទុនវិនិយោគប្រមាណ ៥៣១,៦លានដុល្លារអាមេរិក គ្រោងសាងសង់នៅក្នុងទីក្រុងភ្នំពេញ នាពេលឆាប់ៗខាងមុខនេះ។
តាមសេចក្តីប្រកាសព័ត៌មានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលភ្នាក់ងារព័ត៌មាន BTV ទើបទទួលបាន នាព្រឹកថ្ងៃទី៣០ សីហានេះ បានបង្ហាញឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន២ផ្សេងៗគ្នា ដោយមានប្រាក់ប្រមាណជាង៥៣៥លានដុល្លារ អាមេរិក សម្រាប់សាងសង់គម្រោងទាំងពីរនេះឡើង។ ក្រោយការសាងសង់ចប់ និងដាក់ឲ្យដំណើរការជាផ្លូវការ ក្រុមហ៊ុនទាំងពីរនេះ អាចផ្តល់ការងារថ្មីជាង២ម៉ឺនកន្លែងបន្ថែមទៀត ខណៈបច្ចុប្បន្នកម្ពុជា កំពុងមានកំលាំងពលកម្មធ្វើការជាង១លាននាក់។
គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ ជារបស់ក្រុមហ៊ុន CHEAN CHHOENG THAI GROUP CO.,LTD ដែលមានទីតាំងវិនិយោគស្ថិតនៅកំពង់ផែស្វយ័តភ្នំពេញ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ គ្រោងចំណាយទុនវិនិយោគប្រមាណ៥៣១,៦លានដុល្លារអាមេរិក ដើម្បីបង្កើតមជ្ឈមណ្ឌលនោះឡើង។
ដោយឡែកគម្រោងវិនិយោគផ្នែកវាយនភណ្ឌវិញ នឹងវិនិយោគដោយក្រុមហ៊ុន GGU (CAMBODIA) CLOTHING CO.,LTD។ គំរោងនេះ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីជាស្ថាពរដូចគ្នា ដែលមានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គ្រោងដាក់ទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារថ្មីបាន៨៥៩កន្លែងថែមទៀតផងដែរ។
គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៨នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន១០៦គម្រោង ក្នុងនោះ មានគម្រោងថ្មីចំនួន៩៧ និងគម្រោងពង្រីកផលិតកម្មចំនួន៩ ដោយប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ៣,៥០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណជិត១០ម៉ឺនកន្លែង៕
