រុស្ស៊ី៖ រូបិយប័ណ្ណរបស់រុស្ស៊ីបានធ្លាក់ចុះប្រមាណ ៣០% ទល់នឹងប្រាក់ដុល្លារអាមេរិកកាលពីថ្ងៃចន្ទ បន្ទាប់ពីបណ្ដាប្រទេសលោកខាងលិចបានប្រកាសពីវិធានការ ដែលមិនធ្លាប់មានពីមុនមកដើម្បីរារាំងធនាគាររុស្ស៊ីមួយចំនួន ពីប្រព័ន្ធទូទាត់ប្រាក់អន្តរជាតិ SWIFT និងដើម្បីរឹតត្បិតការប្រើប្រាស់ទុនបម្រុងរូបិយប័ណ្ណបរទេសច្រើនរបស់រុស្ស៊ី។

ក្រោយមកអត្រាប្តូរប្រាក់បានងើបឡើងវិញ បន្ទាប់ពីមានសកម្មភាពដោយធនាគារកណ្តាលរបស់រុស្ស៊ី។ ប៉ុន្តែមានការដាក់គំនាបសេដ្ឋកិច្ចកាន់តែតឹងរ៉ឹង នៅពេលសហរដ្ឋអាមេរិកបន្ថែមទណ្ឌកម្មដើម្បីបង្កកទ្រព្យសម្បត្តិ របស់ធនាគារកណ្ដាលរុស្ស៊ីនៅក្នុងសហរដ្ឋអាមេរិក ឬគ្រប់គ្រងដោយជនជាតិអាមេរិក។ រដ្ឋបាលលោក Biden បានប៉ាន់ប្រមាណថា វិធានការនេះអាចប៉ះពាល់ដល់ប្រាក់រាប់រយលានដុល្លារនៃមូលនិធិរបស់រុស្ស៊ី។

ក្រសួងដឹកជញ្ជូនសាធារណៈរបស់ទីក្រុងមូស្គូបានព្រមានពលរដ្ឋរស់នៅក្នុងទីក្រុងថា ពួកគេអាចជួបប្រទះបញ្ហាក្នុងការប្រើប្រាស់ Apple Pay, Google Pay និង Samsung Pay ដើម្បីបង់ថ្លៃសេវាផ្សេងៗដោយសារតែធនាគារ VTB ដែលជាធនាគាររុស្ស៊ីមួយផ្សេងទៀតប្រឈមនឹងទណ្ឌកម្ម។ កាលពីថ្ងៃចន្ទ ធនាគារកណ្ដាលរបស់រុស្ស៊ីបានដំឡើងអត្រាការប្រាក់របស់ខ្លួនដល់ ២០% ពី ៩.៥% នៅក្នុងបំណងដែលអស់សង្ឃឹមដើម្បីរក្សាអត្រាប្រាក់រូប្លិ៍របស់រុស្សី និងបន្តឲ្យនៅធនាគារជាច្រើន៕
អត្ថបទ៖ ប៊ុនថន