ភ្នំពេញ៖ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្រ្ដីប្រទេសម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅថ្ងៃទី២១ ខែធ្នូនេះ បានសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោក អនុធីន ចាន់វីរៈកុល នាយករដ្ឋមន្រ្ដីចាំផ្ទះថៃ ដើម្បីស្វែងរកផ្លូវឆ្ពោះទៅបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ ខណៈកិច្ចប្រជុំរដ្ឋមន្រ្ដីការទេសអាស៊ាននឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះ ។
ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានថ្លែងថា ឯកឧត្តមបានភ្ជាប់ទំនាក់ទំនងជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីផ្លូវល្អបំផុតឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងដែលកើតឡើងរវាងប្រទេសទាំងពីរ។
ឯកឧត្តមបានថ្លែងថា៖«ខ្ញុំសូមបញ្ជាក់ជាថ្មីអំពីសារៈសំខាន់សម្រាប់កម្ពុជា និងថៃក្នុងការប្រកាន់ខ្ជាប់នូវស្មារតីនៃការសន្ទនា ក្ដីប្រាថ្នាស្វែងរកសន្ដិភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីបញ្ចប់ភាពតានតឹង រក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់»។
ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម បានបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានដែលនឹងប្រព្រឹត្តទៅនៅថ្ងៃស្អែក (ថ្ងៃទី២២ ខែធ្នូនេះ) គឺជាវេទិកាសមស្រប និងស្ថាបនាមួយ ដើម្បីឱ្យប្រទេសទាំងពីរអាចចរចាដោយបើកចំហ ដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងសម្រេចបាននូវដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែង៕
