ក្រុមអ្នកចរចាអាមេរិកបានជួបជាមួយក្រុមមន្ត្រីរុស្ស៊ីនៅទីក្រុងម៉ៃអាមី (Miami) រដ្ឋ Florida សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ២០ ធ្នូ សម្រាប់កិច្ចចរចាចុងក្រោយបង្អស់បំណងបញ្ចប់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ខណៈរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ព្យាយាមបញ្ចុះបញ្ចូលភាគីទាំងពីរឱ្យឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះ។

កិច្ចប្រជុំនៅទីក្រុងម៉ៃអាមីបានធ្វើឡើងបន្ទាប់ពីកិច្ចចរចារបស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រ ១៩ ធ្នូ ជាមួយមន្ត្រីអ៊ុយក្រែន និងអឺរ៉ុប ជាការពិភាក្សាចុងក្រោយបង្អស់អំពីផែនការសន្តិភាពដែលបានរុញឱ្យមានក្តីសង្ឃឹមខ្លះពីដំណោះស្រាយចំពោះជម្លោះដែលបានផ្ទុះឡើងនៅពេលរុស្ស៊ីបានចាប់ផ្តើមការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

លោក Kirill Dmitriev បេសកជនពិសេសរបស់ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីបានជួបជាមួយលោក Steve Witkoff បេសកជនពិសេសរបស់សហរដ្ឋអាមេរិក និងលោក Jared Kushner កូនប្រសាររបស់លោក Trump ថាការចរចានេះមានលក្ខណៈស្ថាបនា ហើយនឹងបន្តនៅថ្ងៃអាទិត្យ ២១ ធ្នូនេះ ទៀត។
លោក Dmitriev បាននិយាយថា ការពិភាក្សាកំពុងដំណើរការប្រកបដោយការស្ថាបនា។ការចរចានានាបានចាប់ផ្តើមមុននេះ ហើយនឹងបន្តនៅថ្ងៃនេះ ហើយក៏នឹងបន្តនៅថ្ងៃស្អែកផងដែរ។

លោក Marco Rubio រដ្ឋមន្ត្រីការបរទេសអាមេរិក និងជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក Trump បាននិយាយថា លោកក៏អាចចូលរួមក្នុងកិច្ចចរចានេះផងដែរ៕