ប្រជាជនអ៊ីស្រាអែលបានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីថ្ងៃសៅរ៍ ២០ធ្នូ ដោយអ្នកខ្លះទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែលបង្កើតគណៈកម្មការស៊ើបអង្កេតរដ្ឋមួយដើម្បីស៊ើបអង្កេតព្រឹត្តិការណ៍ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។

ក្រុមអ្នកតវ៉ាបាននិយាយថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានបដិសេធមិនទទួលខុសត្រូវចំពោះសោកនាដកម្ម ថ្ងៃ៧ ខែតុលា នៅពេលក្រុមហាម៉ាសបើកការវាយប្រហារឆ្លងព្រំដែនសម្លាប់មនុស្សរង្គាល។

លោក Itzhak Sacks អ្នកតវ៉ាម្នាក់បាននិយាយថា រូបលោកនៅទីនេះរង់ចាំការឆ្លើយតបពីនាយករដ្ឋមន្ត្រី អស់រយៈពេលយូរមកហើយ មេដឹកនាំរូបនេះត្រូវទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាងដែលបានកើតឡើង ដោយបន្ថែមថាលោក Netanyahu គួរតែលាលែងពីតំណែង។
ចំណាប់ខ្មាំងអ៊ីស្រាអែលចុងក្រោយដែលត្រូវបានសម្លាប់គឺលោក Ran Gvili នៅតែមិនទាន់ត្រូវបានយកមកវិញពីតំបន់ហ្កាហ្សានៅឡើយទេ។
ការនាំយកមកវិញនៃសាកសពរបស់លោក Gvili គឺមានសារៈសំខាន់ចំពោះផែនការមួយដែលសម្របសម្រួលដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកដើម្បីធានាសន្តិភាពរវាងហ្កាហ្សា និងអ៊ីស្រាអែល។ ក្រុមអ្នកតវ៉ាបានសន្យាថានឹងបន្តប្រមូលផ្តុំគ្នារហូតដល់សាកសពចុងក្រោយនេះត្រូវបញ្ជូនត្រឡប់មកវិញ៕