UN៖ មហាសន្និបាតអង្គការសហប្រជាជាតិដែលមានប្រទេសចំនួន ១៩៣ បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ សម្រាប់កិច្ចប្រជុំបន្ទាន់ដំបូងនៃមហាសន្និបាតក្នុងរយៈពេលជាច្រើនទសវត្សមកនេះ ខណៈកងកម្លាំងរុស្ស៊ីបានវាយប្រហារអ៊ុយក្រែន ហើយមេដឹកនាំរុស្ស៊ីលោក Vladimir Putin បានដាក់កងកម្លាំងនុយក្លេអ៊ែររបស់លោកស្ថិតក្នុងការប្រុងប្រៀប។

កិច្ចប្រជុំផ្តល់ឱកាសឱ្យសមាជិកអង្គការសហប្រជាជាតិទាំងអស់និយាយអំពីសង្គ្រាម និងបោះឆ្នោតលើសេចក្តីសម្រេចមួយ ដើម្បីឲ្យរុស្ស៊ីទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន។ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា គ្រប់គ្រាន់គឺគ្រប់គ្រាន់។ លោកសង្ឃឹមថា កិច្ចចរចាផ្ទាល់ដែលធ្វើឡើងរវាងគណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីនឹងមិនត្រឹមតែអាចបញ្ឈប់ការប្រយុទ្ធគ្នាភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសន្តិភាពឆ្ពោះទៅរកដំណោះស្រាយការទូត។ តំណាងប្រទេសបារាំងប្រចាំអង្គការសហប្រជាជាតិបាននិយាយថា រុស្ស៊ីត្រូវតែបញ្ចប់ការបំផ្លាញរបស់ខ្លួនលើអ៊ុយក្រែន។
លោក Nicolas de Rivière បាននិយាយទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលសម័យប្រជុំពិសេសកាលពីថ្ងៃចន្ទថា មេដឹកនាំពិភពលោកមានទំនួលខុសត្រូវជាប្រវត្តិសាស្ត្រ ដើម្បីគាំទ្រពលរដ្ឋអ៊ុយក្រែនដែលអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាម និងដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែន។ លោក De Rivière និយាយថា ប្រទេសបារាំង និងម៉ិចស៊ិកកំពុងធ្វើការដើម្បីពង្រាងសេចក្តីសម្រេច ដែលនឹងធានាការការពារជនស៊ីវិល និងប្រតិបត្តការមនុស្សធម៌។ ដោយឡែកលោកបានស្នើឱ្យរដ្ឋជាសមាជិកទាំងអស់ គាំទ្រសេចក្តីសម្រេចដែលអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់សង្គ្រាម និងចាកចេញពីអ៊ុយក្រែន៕
អត្ថបទ៖ ប៊ុនថន