គិតមកទល់រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃនៅបន្តបាញ់ប្រហារឈ្លានពានចូលដែនអធិបតេយ្យភាពកម្ពុជាយ៉ាងឃោរឃៅ ដោយមិនរើសគោលដៅ នៅយោធភូមិភាគទី៤ និងទី៥ ក្នុងននោះចាប់តាំងពីព្រឹករហូតដល់រសៀលនេះ យោធាថៃបានបាញ់ប្រហារចូលក្នុងភូមិសាស្រ្ដខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ដោយប្រើប្រាស់អាវុធធ្ងន់ធ្ងន់គ្រប់ប្រភេទបាញ់ប្លោងចូលឈ្លានបានកម្ពុជា និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឱ្យដឹងតាមរយៈសន្និសីទសារព័ត៌មាននៅរសៀលនេះថា នៅរសៀលនេះ យោធាថៃបានបន្តធ្វើវាយប្រហារដើម្បីឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជា ក្នុងនោះនៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែកជាបន្តបន្ទាប់, មកលដល់ម៉ោង ១៣:៣៥នាទី យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិលដោយប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ៩គ្រាប់ ចូលក្នុងភូមិសាស្ត្រ ឃុំនិមិត្ត ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យបន្ថែមទៀត។ បន្ទាប់មក ចាប់ម៉ោង ១៤:៣៦នាទី ដល់ម៉ោង១៤:៥៧នាទី យោធាថៃនៅតែបន្តវាយប្រហារចូលទីតាំងប្រជាជនស៊ីវិលដោយប្រើប្រាស់កាំភ្លើងធំផ្លោងចំនួន ១១គ្រាប់ ចូលក្នុងភូមិសាស្ត្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថែមទៀត។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាត់ទុកសកម្មភាពវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
យោធាថៃនៅបន្តបាញ់ប្រហារឈ្លានពានចូលទឹកដីកម្ពុជា
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ថា មកទល់ពេលនេះ កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕