ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យមានកិច្ចចរចាទល់មុខគ្នាជាលើកដំបូងរវាងអ៊ុយក្រែន និងរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែខាងមុខ បន្ទាប់ពីបេសកជនសហរដ្ឋអាមេរិក និងរុស្ស៊ី បានជួបគ្នានៅទីក្រុងម៉ៃអាមីសហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍នេះ ដើម្បីពិភាក្សាផែនការសន្តិភាពដែលអាចធ្វើទៅបានឈានទៅបញ្ចប់សង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ថា ទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យមានកិច្ចចរចាទល់មុខគ្នាជាលើកដំបូងរវាងអ៊ុយក្រែន និងរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែ ទៀត ដោយបង្ហាញពីការសង្ស័យថាតើទីក្រុងមូស្គូពិតជាចង់បញ្ចប់សង្គ្រាមឬអត់។
សំណើសម្រាប់កិច្ចចរចាត្រីភាគីនៅកម្រិតទីប្រឹក្សាសន្តិសុខជាតិនេះ បានកើតឡើងខណៈបេសកជនពិសេសរបស់សហរដ្ឋអាមេរិក និងរុស្ស៊ីបានពិភាក្សាកាលពីចុងសប្តាហ៍ នៅទីក្រុងម៉ៃអាមី ស្តីពីការបញ្ចប់ការលុកលុយទ្រង់ទ្រាយធំជិតបួនឆ្នាំរបស់រុស្ស៊ីលើអ៊ុយក្រែន។
បេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner បានជួបជាមួយបេសកជនរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺលោក Kirill Dmitriev ដែលក៏ជាប្រធានមូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ីផងដែរ។
កិច្ចប្រជុំទាំងនេះគឺជាផ្នែកមួយនៃការជំរុញរបស់រដ្ឋបាលលោក Trump សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ដែលក៏បាននាំឱ្យមានការចរចារវាងមន្ត្រីអ៊ុយក្រែន និងអឺរ៉ុប នៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់កាលពីដើមសប្តាហ៍មុនផងដែរ៕


