កំពង់ធំ៖ មកដល់ថ្ងៃនេះ សង្រ្គាមឈ្លានពានពីសំណាក់កងទ័ពថៃ តាមខ្សែបន្ទាត់ព្រំដែនមិនទាន់ធូរស្រាលនៅឡើយ។ ក្នុងស្ថានភាពនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មិនព្រងើយកន្តើយចំពោះសុខទុក្ខវីរកងទ័ព និងជនភៀសសឹកនោះឡើយ។ សម្តេចទាំង៣ និងលោកជំទាវបណ្ឌិត ក្រៅពីចាត់ចែងអំណោយនានាផ្ទាល់ដៃហើយនោះ ក៏តែងចាត់តំណាងចុះចែកអំណោយបន្តបន្ទាប់ ដើម្បីរំលែកការលំបាក និងការខ្វះខាតរបស់ប្រជាពលរដ្ឋ។

លោកអ្នកឧកញ៉ា ទ្រី ភាព ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងអ្នកឧកញ៉ា គៀន ស្រីនាង បានរៀបចំស្បៀងអាហារ និងសម្ភារប្រើប្រាស់ចែកជូនកងទ័ព និងជនភៀសសឹកជាបន្តបន្ទាប់ផងដែរ។

នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកអ្នកឧកញ៉ា ទ្រី ភាព និង អ្នកឧកញ៉ា គៀន ស្រីនាង បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនយោធិនសម្រាកព្យាបាល និងបងប្អូនជនភៀសសឹកចំនួន ៤០០គ្រួសារ ក្នុងស្រុកប្រាសាទបល្ល័ង្ល។ អំណោយទាំងនោះរួមមាន៖ ១. មីកញ្ចប់ ចំនួន ៤០០កេស, ២.ទឹកត្រី ចំនួន ៤០០យួរ, ៣.ទឹកស៊ីអ៊ីវ ចំនួន ៤០០យួរ, ៤.ត្រីខ ចំនួន ៤០០យួរ, ៥.ឃីត (មុង ភួយ សារ៉ុង) ចំនួន ៤០០ឃីត, ៦.អង្ករ ចំនួន ៨តោន និងថវិកាចំនួន ២០.០០០.០០០រៀល (៥០.០០០រៀល/គ្រួសារ)។

ក្រៅពីបងប្អូនជនភៀសសឹកទាំង ៤០០គ្រួសារ ក្មេងៗដែលត្រូវជាកូន ជាចៅ និងក្មួយៗរបស់ពួកគាត់ប្រមាណ ២៦០នាក់ ក៏ទទួលបានថវិកាក្នុងម្នាក់ៗ ៥០.០០០រៀលផងដែរ។ ដោយក្តីអាណិតអាសូរចំពោះជនភៀសសឹក ក្រៅពីចែកអំណោយហើយនោះ លោកអ្នកឧកញ៉ា ក៏បានរៀបចំអាហារថ្ងៃត្រង់ជូនជនភៀសសឹកទាំង ៤០០គ្រួសារផងដែរ។
ឆ្លៀតក្នុងោកាសនេះដែរ លោកអ្នកឧកញ៉ា បណ្ឌិត ក៏បានអញ្ជើញគោរពវិញ្ញាណខន្ធ លោកអនុសេនីយ៍ទោ អៃ អ៊ីន ជាវីរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសសៀមផងដែរ។ ក្នុងនោះ លោកអ្នកឧកញ៉ា បណ្ឌិត បាននាំយកនូវបច្ច័យរបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន ១០.០០០.០០០ រៀល និងថវិការបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧ ចំនួន ២.៨០០.០០០ រៀល ដើម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងដែរ៕











