មន្រ្តីគោលនយោបាយការបរទេសជាន់ខ្ពស់របស់រុស្ស៊ី លោក Yuri Ushakov កាលពីថ្ងៃអាទិត្យ (២១ ធ្នូ) បានសម្ដែងការរិះគន់យ៉ាងខ្លាំងលើលោកខាងលិចថា ការផ្លាស់ប្តូរដែលធ្វើឡើងដោយបណ្តាប្រទេសនៅអឺរ៉ុប និងអ៊ុយក្រែន ទៅលើសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ក្នុងការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន មិនបានធ្វើឱ្យប្រសើរឡើងនូវទស្សនវិស័យសម្រាប់សន្តិភាពនោះទេ។

គួរឱ្យដឹងថា សេចក្ដីព្រាងរបស់អាមេរិកដើម្បីបញ្ចប់សង្គ្រាមជិត ៤ឆ្នាំមកនេះ ដែលលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយកាលពីខែមុន បានបង្កើនក្តីបារម្ភនៅអឺរ៉ុបនិងអ៊ុយក្រែនថា លម្អៀងទៅខាងរុស្ស៊ីខ្លាំងពេក ហើយថា រដ្ឋបាលអាមេរិក អាចបង្ខំឱ្យទីក្រុងគីវ សម្បទានច្រើនហួសហេតុ។ តាំងពីពេលនោះមក អ្នកចរចាអឺរ៉ុប និងអ៊ុយក្រែន បានជួបប្រេសិតអាមេរិក ក្នុងការប៉ុនប៉ងកែប្រែឬបន្ថែមសំណើផ្ទាល់ខ្លួនរបស់ពួកគេទៅក្នុងសេចក្តីព្រាងនោះ ប៉ុន្តែខ្លឹមសារពិតប្រាកដនៃសំណើបច្ចុប្បន្ន មិនត្រូវបានបង្ហាញឡើយ។

លោក Ushakov មន្រ្តីវិមានក្រឹមឡាំង បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងមូស្គូថា ចំណុចផ្លាស់ប្តូរដែលអឺរ៉ុប និងអ៊ុយក្រែនធ្វើឡើង នឹងមិនធ្វើឱ្យឱកាសនៃសន្តិភាពល្អប្រសើរឡើយ។ លោកសង្កត់ធ្ងន់ថា ទោះជាលោកមិនទាន់បានឃើញសំណើពិតប្រាកដនៅឡើយក្ដី ក៏ប៉ុន្តែលោក «ប្រាកដណាស់ថា ចំណុចដែលអឺរ៉ុបនិងអ៊ុយក្រែនបានធ្វើឡើង ឬកំពុងព្យាយាមធ្វើឡើង ពិតជាមិនធ្វើឱ្យឯកសារនេះប្រសើរទេ ហើយក៏មិនធ្វើឱ្យលទ្ធភាពនៃការសម្រេចបានសន្តិភាពរយៈពេលវែងប្រសើរឡើងនោះដែរ»។
រុស្ស៊ីតែងនិយាយថា បណ្ដាមេដឹកនាំអឺរ៉ុប មានបំណងចង់រារាំងកិច្ចចរចាសន្តិភាពអ៊ុយក្រែន ដោយការដាក់ចេញនូវលក្ខខណ្ឌដែលពួកគេដឹងច្បាស់ថា នឹងមិនអាចទទួលយកបានឡើយចំពោះរុស្ស៊ី៕
