សហរដ្ឋអាមេរិក និងបេសកជនអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃអាទិត្យ ២១ធ្នូ ដែលបានសាទរកិច្ចចរចា ថាប្រកបដោយផ្លែផ្កា និងស្ថាបនា នៅទីក្រុងម៉ៃអាមី ប៉ុន្តែមិនបានប្រកាសពីការទម្លាយភាពទាល់ច្រក ឬលទ្ធផលជាក់ស្តែងណាមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីនោះទេ។

ក្រុមតំណាងជាន់ខ្ពស់របស់អ៊ុយក្រែន និងរុស្ស៊ី ក៏ដូចជាសម្ព័ន្ធមិត្តអឺរ៉ុបរបស់ទីក្រុងគីវ បានស្ថិតនៅភាគខាងត្បូងរដ្ឋ Florida ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សម្រាប់កិច្ចចរចាដាច់ដោយឡែកជាបន្តបន្ទាប់ដែលរៀបចំដោយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump គឺលោក Steve Witkoff។
កិច្ចប្រជុំទាំងនេះគឺជាជំនួបចុងក្រោយបំផុតនៅក្នុងការប៉ះទង្គិចគ្នាខាងការទូតរយៈពេលមួយសប្តាហ៍លើផែនការបញ្ចប់សង្គ្រាម បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន កាលពីខែមុនបានបង្ហាញសំណើ២៨ ចំណុចដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាបានឆ្លុះបញ្ចាំងពីការទាមទាររបស់វិមានក្រឹមឡាំង។
ចាប់តាំងពីពេលនោះមក ផែនការនោះត្រូវបានព្រាងឡើងវិញបន្ទាប់ពីការចូលរួមរបស់អ៊ុយក្រែន និងអឺរ៉ុប ទោះបីជាខ្លឹមសារមិនទាន់ត្រូវបានបង្ហាញជាសាធារណៈក៏ដោយ។
ប្រធានាធិបតីអ៊ុយក្រែន Zelenskyy ថ្មីៗនេះ បានហៅការពិភាក្សាទាំងនោះថា ប្រកបដោយការស្ថាបនា ហើយនិយាយថា ការចរចាទាំងនោះ កំពុងរំកិលទៅរកសន្តិភាពឆាប់រហ័សយ៉ាងយុត្តិធ៌៕

