អឺរ៉ុប៖ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានជំរុញដល់សហភាពអឺរ៉ុបឲ្យបង្ហាញថា ខ្លួនឈរនៅខាងអ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើសំណើជាផ្លូវការ ចូលរួមជាសមាជិករបស់ប្លុកនេះ។

លោក Zelenskyy បានប្រាប់សម័យប្រជុំបន្ទាន់នៃសភាអឺរ៉ុបកាលពីថ្ងៃអង្គារតាមរយៈ video link ថា យើងកំពុងតតាំងដើម្បីក្លាយជាសមាជិកស្មើភាពរបស់អឺរ៉ុប។ លោកបាននិយាយជាភាសាអ៊ុយក្រែននៅក្នុងសុន្ទរកថា ដែលបកប្រែជាភាសាអង់គ្លេសដោយអ្នកបកប្រែម្នាក់និយាយទាំងទឹកភ្នែក ខណៈដែលលោកកំពុងមានអារម្មណ៍ក្ដុកក្ដួលក្នុងសភាថា សូមបង្ហាញថា អ្នកនៅជាមួយយើង។

សូមបញ្ជាក់ថា អ្នកនឹងមិនទៅណាចោលយើងឡើយ។ ចូរបង្ហាញថា អ្នកពិតជាជនជាតិអឺរ៉ុប ហើយបន្ទាប់មកជីវិតនឹងឈ្នះលើសេចក្តីស្លាប់ ហើយពន្លឺនឹងឈ្នះលើភាពងងឹត៕
អត្ថបទ៖ សុខមាន