ប្រធានាធិបតីបារាំង លោក Emmanuel Macron បានបញ្ជាក់កាលពីថ្ងៃអាទិត្យ (២១ ធ្នូ) ថា លោកមានគម្រោងសាងសង់នាវាផ្ទុកយន្តហោះថ្មីមួយគ្រឿង ដែលធំជាងនិងទំនើបជាងមុន ដើម្បីជំនួសនាវាផ្ទុកយន្តហោះ Charles de Gaulle ចាស់របស់ខ្លួន និងពង្រឹងអំណាចផ្លូវសមុទ្ររបស់បារាំង។

កម្មវិធីដែលគេស្គាល់ថាឈ្មោះ "Porte-Avions Nouvelle Génération" (ឬហៅកាត់ថា PANG) នេះ ត្រូវបានព្យាករថា នឹងចំណាយអស់ប្រហែល ១០,២៥ ពាន់លានអឺរ៉ូ (ប្រមាណ ១២ ពាន់លានដុល្លារអាមេរិក)។ ថ្លែងទៅកាន់កងទ័ពនៅមូលដ្ឋានយោធាបារាំង ក្នុងទីក្រុងអាប៊ូដាប៊ី លោក Macron បានលើកឡើងថា៖ ការសម្រេចចិត្តដាក់ឱ្យដំណើរការកម្មវិធីដ៏ធំសម្បើមនេះ ត្រូវបានធ្វើឡើងរួចហើយ ដោយគម្រោងនេះនឹងជំរុញមូលដ្ឋានឧស្សាហកម្មរបស់បារាំង ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម។

រដ្ឋាភិបាលបារាំង និយាយថា នាវាថ្មីនេះនឹងត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០៣៨ នៅពេលដែលនាវាផ្ទុកយន្តហោះ Charles de Gaulle ត្រូរំពឹងថានឹងដាក់ឱ្យចូលនិវត្តន៍ ឈប់ប្រតិបត្តិការតទៅទៀត។ ការងារលើសមាសធាតុជំរុញនុយក្លេអ៊ែរនៅក្នុងនាវា បានចាប់ផ្តើមកាលពីឆ្នាំមុន ហើយបទបញ្ជាចុងក្រោយ ត្រូវតែដាក់នៅក្រោមថវិកាជាតិឆ្នាំ២០២៥។

នាវាផ្ទុកយន្តហោះ PANG ដែលនឹងក្លាយជានាវាចម្បាំងធំជាងគេបំផុតមិនធ្លាប់មាននៅទ្វីបអឺរ៉ុប គឺជាចំណុចកណ្តាលនៃកិច្ចការទប់ស្កាត់នុយក្លេអ៊ែររបស់បារាំង និងការជំរុញរបស់អឺរ៉ុប សម្រាប់ស្វ័យការពារជាតិកាន់តែច្រើន ក្នុងអំឡុងពេលសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការស្ទាក់ស្ទើររបស់លោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងការគាំទ្រសន្តិសុខរបស់ទ្វីបនេះ៕