សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក លោក Lindsey Graham កាលីថ្ងៃអាទិត្យ ទី ២១ ខែធ្នូ បានអំពាវនាវឱ្យមានចំណាត់ការខាងយោធាជាថ្មីប្រឆាំងក្រុមហាម៉ាសនិងក្រុមហេសបូឡានៅលីបង់ ប្រសិនបើក្រុមទាំងពីរនេះមិនព្រមរំសាយអាវុធ ដោយចោទប្រកាន់ចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីនថាបានពង្រឹងការគ្រប់គ្រងរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ទោះបីជាមានបទឈប់បាញ់ដ៏ផុយស្រួយក៏ដោយ។

និយាយក្នុងសន្និសីទសារព័ត៌មានអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល លោក Graham ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា អ៊ីស្រាអែល និងដៃគូរបស់ខ្លួន គួរតែដាក់កាលបរិច្ឆេទកំណត់លើក្រុមហាម៉ាសឱ្យប្រគល់អាវុធរបស់ខ្លួន បើមិនដូច្នេះទេ នឹងប្រឈមការប្រយុទ្ធគ្នាជាថ្មី។

លោក Graham និយាយថា «វាចាំបាច់ ដែលយើងត្រូវរៀបចំផែនការមួយឲ្យបានឆាប់រហ័ស ដាក់កាលបរិច្ឆេទឲ្យក្រុមហាម៉ាស ផ្តល់ពេលវេលាឱ្យពួកគេដើម្បីទទួលបានគោលដៅក្នុងការរំសាយអាវុធ»។ «ហើយប្រសិនបើអ្នកមិនធ្វើទេ ខ្ញុំនឹងជំរុញលោកប្រធានាធិបតី Trump បណ្តែតបណ្តោយឲ្យអ៊ីស្រាអែលទៅកម្ចាត់ក្រុមហាម៉ាស»។
បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ត្រូវបានអនុវត្តចាប់តាំងពីខែតុលា ដោយផ្អាកសង្គ្រាមដ៏បង្ហូរឈាមរយៈពេលពីរឆ្នាំនៅក្នុងតំបន់ហ្កាហ្សា ទោះបីជាភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកដដែលៗអំពីការរំលោភបំពានបទឈប់បាញ់ក៏ដោយ។ លោក Graham និយាយថា បទឈប់បាញ់ប្រឈមការដួលរលំ ប្រសិនបើក្រុមហាម៉ាសនៅតែមានអាវុធ ដោយអះអាងថាក្រុមនេះកំពុងប្រើប្រាស់ភាពស្ងប់ស្ងាត់ដើម្បីពង្រឹងការគ្រប់គ្រងរបស់ខ្លួនលើដែនដីហ្កាហ្សា។