ក្រុមហ៊ុនផលិតអាវុធអ៊ីស្រាអែល ទទួលបានប្រាក់ចំណូលខ្ពស់បំផុតក្នុងកំណត់ត្រាកាលពីឆ្នាំមុន ខណៈក្រុមហ៊ុនផលិតអាវុធបានធ្វើទីផ្សារផលិតផលមួយចំនួនរបស់ខ្លួនថាជា «ការសាកល្បងសមរភូមិ» បន្ទាប់ពីការដាក់ពង្រាយសព្វាវុធនៅក្នុងសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលប្រឆាំងប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។

រដ្ឋាភិបាលអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញសម្ភារៈការពារជាតិរបស់អ៊ីស្រាអែល បានកើនឡើង១៣ភាគរយនៅឆ្នាំ២០២៤ បើប្រៀបធៀបទៅនឹងឆ្នាំមុនដោយឈានដល់កំណត់ត្រាជិត១៥ពាន់លានដុល្លារ ដែលគ្របដណ្ដប់លើមីស៊ីល រ៉ូក្កែត និងប្រព័ន្ធការពារដែនអាកាស។

ការដឹកជញ្ជូនជាងពាក់កណ្តាលនៅឆ្នាំ២០២៤ បានទៅដល់យោធាសហភាពអឺរ៉ុប ខណៈការដឹកជញ្ជូនផ្សេងទៀតបានទៅដល់ប្រទេសនានាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដឹកនាំដោយប្រទេសឥណ្ឌា។ អ៊ីស្រាអែល គឺជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញសព្វាអាវុធកំពូលចំនួន១០ប្រទេស នៅលើពិភពលោក។
ការកើនឡើងប្រាក់ចំណូលកាលពីឆ្នាំមុន បានកើតឡើងខណៈអ៊ីស្រាអែលប្រឈមនឹងការចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅក្នុងសំណុំរឿងដែលនាំមកដោយប្រទេសអាហ្វ្រិកខាងត្បូងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រី លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់លោក គឺលោក Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម។ នៅពេលដែលក្រុមហ៊ុនអាវុធរបស់អ៊ីស្រាអែលបង្កើនប្រាក់ចំណូល ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សារួចផុតជីវិតពីសង្គ្រាម បានរៀបរាប់ឡើងវិញពីការវាយប្រហារដែលបានសម្លាប់មនុស្សជាទីស្រលាញ់របស់ពួកគេ។