អតីតមន្រ្តីកុងស៊ុលរបស់អ៊ីស្រាអែល ប្រចាំនៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអាទិត្យ (២១ ធ្នូ) ថា អ៊ីស្រាអែល កំពុងតែថ្លឹងថ្លែងលើគំនិតផ្លាស់ប្តូររបបនៅក្នុងប្រទេសអ៊ីរ៉ង់ ថាជាជម្រើសមួយដើម្បីបញ្ចៀសជម្លោះម្តងហើយម្តងទៀត។

លោក Yaki Dayan បាននិយាយនៅក្នុងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយមួយរបស់អ៊ីស្រាអែលថា អ៊ីស្រាអែល កំពុងគិតអំពីការផ្លាស់ប្តូររបបនៅអ៊ីរ៉ង់ ពីព្រោះបើមិនដូច្នោះទេ អ៊ីស្រាអែលនឹងត្រូវជួបប្រទះបញ្ហាមួយជុំហើយមួយជុំទៀត ដោយសំដៅលើជម្លោះដែលមិនចេះចប់មិនចេះហើយ។

លោក Dayan បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងត្រូវតែធ្វើវិធីសាស្រ្តបញ្ចុះបញ្ចូលសំខាន់ៗ នៅពេលលោកជួបជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ចុងខែធ្នូនេះ នៅសហរដ្ឋអាមេរិក ជាពិសេស ត្រូវបញ្ចុះបញ្ចូលឱ្យមានការគាំទ្រសកម្មភាពបន្ថែមទៀតរបស់អ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់។
អតីតមន្រ្តីការទូតរូបនេះសង្កត់ធ្ងន់ថា៖ លោក Trump «ចាប់អារម្មលើការបង្កើតសន្តិភាព ច្រើនជាងការវាយប្រហារ» លើអ៊ីរ៉ង់។ ការអត្ថាធិប្បាយនេះ កើតឡើងនៅពេលមេបញ្ជាការកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) លោក Eyal Zamir បានព្រមានថា IDF នឹងវាយប្រហារសត្រូវរបស់ខ្លួន «គ្រប់ទីកន្លែងដែលចាំបាច់ ទាំងនៅជួរមុខជិតនិងឆ្ងាយ» នៅក្នុងអ្វីដែលហាក់សំដៅទៅលើលទ្ធភាពនៃសកម្មភាពយោធាបន្ថែមទៀតប្រឆាំងនឹងអ៊ីរ៉ង់៕