ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយកាលពីថ្ងៃសៅរ៍ថា ការអន្តរាគមន៍ប្រដាប់អាវុធនៅប្រទេសវ៉េណេស៊ុយអេឡា នឹងក្លាយជា «គ្រោះមហន្តរាយមនុស្សធម៌» សម្រាប់តំបន់ និងជាគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៦៧ នៃប្រមុខរដ្ឋរបស់ប្លុកពាណិជ្ជកម្មអាមេរិកខាងត្បូង Mercosur និងរដ្ឋពាក់ព័ន្ធ លោក Lula បានលើកឡើងពីការគំរាមកំហែង និងសកម្មភាពរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវ៉េណេស៊ុយអេឡា រួមទាំងការបិទផ្លូវកងទ័ពជើងទឹក និងសម្ពាធយោធាលើប្រទេសតំបន់ការ៉ាអ៊ីបនេះ។

លោក Lula បាននិយាយថា អាមេរិកឡាទីនមានការភ្ញាក់ផ្អើលចំពោះ «វត្តមានយោធារបស់មហាអំណាចក្រៅតំបន់» ដោយសង្កត់ធ្ងន់ថា «ការកសាងអាមេរិកខាងត្បូងដ៏រុងរឿង និងសន្តិភាព គឺជាគោលការណ៍ តែមួយគត់ដែលសាកសមសម្រាប់ពួកយើង»។
លោកបានបញ្ជាក់ថា៖«ដែនកំណត់នៃច្បាប់អន្តរជាតិ កំពុងត្រូវបានសាកល្បង។ អន្តរាគមន៍ប្រដាប់អាវុធនៅវ៉េណេស៊ុយអេឡានឹងក្លាយជាគ្រោះមហន្តរាយមនុស្សធម៌សម្រាប់អឌ្ឍគោល និងជាគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក»។
លោក Lula បាននិយាយថា លោកបានប្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅក្នុងការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះថា ការចរចាគឺជាផ្លូវដែលមានប្រសិទ្ធភាព និងចំណាយតិចជាងការប្រឈមមុខដាក់គ្នាខាងយោធា។
រដ្ឋបាលលោក ត្រាំ បានរារាំងនាវាដឹកប្រេងដែលធ្វើដំណើរទៅ ឬមកពីប្រទេសវ៉េណេស៊ុយអេឡា ហើយបានចាត់រដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) ថា ជា «អង្គការភេរវកម្មបរទេស»៕