ក្រសួងមហាផ្ទៃយេម៉ែនបាននិយាយកាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍អាហ្វ្រិកចំនួន ១៨០ នាក់ បានមកដល់ឆ្នេរសមុទ្រ Shabwa ភាគអាគ្នេយ៍របស់ប្រទេសនេះ ចំពេលមានការកើនឡើងជាបន្តបន្ទាប់នៃការធ្វើទេសន្តរប្រវេសន៍មិនទៀងទាត់ទៅកាន់ប្រទេសយេម៉ែន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញដោយមជ្ឈមណ្ឌលព័ត៌មានសន្តិសុខរបស់ក្រសួង នគរបាលតំបន់នៅឆ្នេរសមុទ្រ Shabwa បាននិយាយថា ជនអន្តោប្រវេសន៍ទាំង ១៨០ នាក់ គឺជាជនជាតិអេត្យូពីដែលបានចាកចេញពីតំបន់ញកអាហ្វ្រិក (Horn of Africa) ដោយជិះនាវារត់ពន្ធ ដែលប្រតិបត្តិការដោយនាវិកសូម៉ាលីចំនួន ៤ នាក់។

អាជ្ញាធរសន្តិសុខតំបន់នៅឆ្នេរ Shabwa បាននិយាយថា ពួកគេកំពុងចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ការហូរចូលនៃជនអន្តោប្រវេសន៍ និងបញ្ឈប់ការលួចចូលដោយខុសច្បាប់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
ទន្ទឹមនឹងនេះ ទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយអង្គការទេសន្តរប្រវេសន៍ (IOM) បានបង្ហាញថា ជនអន្តោប្រវេសន៍ចំនួន ១៧.៦៥៩នាក់ បានចូលទៅក្នុងប្រទេសយេម៉ែន ក្នុងខែវិច្ឆិកា។ ជនអន្តោប្រវេសន៍ចំនួន ១៧.៦៨៥នាក់ បានចូលក្នុងប្រទេសនេះ នៅក្នុងខែតុលា។
យោងតាមតារាងតាមដានការផ្លាស់ទីលំនៅរបស់អង្គការ IOM ប្រទេសជីប៊ូទី នៅតែជាចំណុចចេញដំណើរដ៏សំខាន់ ដែលមានចំនួន ៦៧ ភាគរយនៃជនអន្តោប្រវេសន៍ដែលបានមកដល់ប្រទេសយេម៉ែន បន្ទាប់មកគឺប្រទេសសូម៉ាលី ដែលមាន ៣១ ភាគរយ និងប្រទេសអូម៉ង់ ដែលមាន ២ ភាគរយ៕