ប្រភពព័ត៌មានសន្តិសុខទួរគី បាននិយាយថា ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ MIT របស់ប្រទេសទួរគី បានជួបជាមួយប្រធានក្រុមចរចារបស់ក្រុមហាម៉ាស លោក Khalil Al-Hayya កាលពីថ្ងៃសៅរ៍ ហើយបានពិភាក្សាអំពីវិធានការចាំបាច់ដែលត្រូវអនុវត្តសម្រាប់បន្តទៅដំណាក់កាលទី២នៃផែនការសន្តិភាពតំបនហ្កាហ្សា។

ប្រភពព័ត៌មាន ដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ប្រធាន MIT លោក Ibrahim Kalin បានជួបជាមួយគណៈប្រតិភូរបស់ក្រុមហាម៉ាសនៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ហ្កាហ្សា ហើយពួកគេបានពិភាក្សាអំពីជំហានដែលត្រូវអនុវត្តដើម្បីទប់ស្កាត់អ្វី ដែលពួកគេនិយាយថា ជាការរំលោភបំពានបទឈប់បាញ់របស់អ៊ីស្រាអែល។

ប្រភពព័ត៌មានទាំងនោះ ក៏បានបញ្ជាក់ផងដែរថា ពួកគេក៏បានពិភាក្សាអំពីវិធានការ ដែលត្រូវអនុវត្តដើម្បីដោះស្រាយបញ្ហាដែលមានស្រាប់សម្រាប់ការបន្តទៅដំណាក់កាលទី២ នៃផែនការសន្តិភាព ដោយពុំបានផ្ដល់ព័ត៌មានលម្អិតទេ៕