លោក Yury Pilipson ប្រធាននាយកដ្ឋានអឺរ៉ុបទី២ នៃក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មា TASS ថា របបទីក្រុងគីវកំពុងព្យាយាមរារាំងវឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ដោយការវាយប្រហារលើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅ ជាមួយនឹងការប្រើប្រាស់ទូកគ្មានមនុស្សបើក និងយានដ្រូន។

លោកបានរំលឹកថា ភាគីរុស្ស៊ី «បានចាត់ទុកការវាយប្រហារដោយដ្រូននិងទូកគ្មានមនុស្សបើករបស់អ៊ុយក្រែនលើនាវាពាណិជ្ជកម្មនៅសមុទ្រខ្មៅថា ជាចោរសមុទ្រ»។
អ្នកការទូតរូបនេះ បានឆ្លើយតបទៅនឹងសំណួរមួយអំពីបញ្ហានេះថា «ការវាយលុករបស់របបទីក្រុងគីវ នៅសមុទ្រខ្មៅ មានគោលបំណងច្បាស់លាស់ក្នុងការរំខានដល់ការងារដ៏លំបាកដើម្បីឈានដល់ដំណោះស្រាយដែលអាចទទួលយកបានទៅវិញទៅមកចំពោះវិបត្តិអ៊ុយក្រែន និងរារាំងដល់វឌ្ឍនភាពនៃដំណើរការចរចា ដែលភាពជោគជ័យរបស់វាមានផលប្រយោជន៍ជាពិសេសចំពោះទីក្រុងអង់ការ៉ា»។

លោក Pilipson ក៏បានសង្កត់ធ្ងន់ផងដែរថា ការវាយប្រហារជាប្រចាំរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំពង់ផែ «មិនត្រឹមតែបំផ្លាញផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេស រុស្ស៊ីនៅសមុទ្រខ្មៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យទីផ្សារថាមពលសកលរង្គោះរង្គើផងដែរ»។
ដោយធ្វើអត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់របស់ប្រទេសទួរគីទៅកាន់សេវាសន្តិសុខអ៊ុយក្រែនទាក់ទងនឹងភាពមិនអាចទទួលយកបាននៃការវាយប្រហារលើនាវានៅក្នុងសមុទ្រខ្មៅ អ្នកការទូតរូបនេះបានកត់សម្គាល់ថា ទីក្រុងអង់ការ៉ាយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការធានាសន្តិសុខនៃការដឹកជញ្ជូន ស៊ីវិល៕