អត្តពលកម្ម៖ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបង្ហាញសុទិដ្ឋិនិយមនឹងមានធនធានមន្ដ្រីបច្ចេកទេស ដែលអាចរៀបចំការប្រកួតកម្រិតតំបន់បាននាពេលខាងមុខ បន្ទាប់ពីសហព័ន្ធបានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសអត្តពលកម្មអន្ដរជាតិកម្រិត១ ដែលគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធអត្តពលកម្មអាស៊ី។

វគ្គបណ្ដុះបណ្ដាលនេះគ្រោងសិក្សាទាំងទ្រឹស្ដី និងអនុវត្តផ្ទាល់រយៈពេល ៥ថ្ងៃនៅពហុកីឡដ្ឋានជាតិមរតកតេជោចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ក្រោមបទបង្ហាញរបស់គ្រូឧទ្ទេសអន្ដរជាតិលោក Valson Cuddinkotta ប្រធានបច្ចេកទេសសហព័ន្ធអត្តពលកម្មអាស៊ី ខណៈពិធីបើកវគ្គបានធ្វើឡើងក្រោមវត្តមានឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។ ឯកឧត្តម សំហេង បុរស បានគូសបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធកំពុងខ្វះខាតធនធានមន្ដ្រីបច្ចេកទេសកម្រិតខ្ពស់ ដើម្បីរៀបចំការប្រកួតកម្រិតតំបន់។ ដូច្នេះតាមរយៈវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តមសង្ឃឹមថា សិក្ខាកាមទាំងអស់នឹងយកចិត្តទុកដាក់ប្រកបដោយឆន្ទៈខ្ពស់ក្នុងការសិក្សា ដើម្បីពង្រឹងសមត្ថភាពឲ្យបានគ្រប់គ្រាន់ ដើម្បីឈានទៅរៀបចំការប្រកួតលក្ខណៈអន្ដរជាតិ ពិសេសស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ ទន្ទឹមជាមួយគ្នា សហព័ន្ធក៏កំពុងត្រៀមរៀបចំមន្ដ្រីជំនាញមួយក្រុម ដើម្បីពិនិត្យលទ្ធភាពបញ្ជូនទៅដកស្រង់បទពិសោធ និងរៀនសូត្របន្ថែមនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាខែឧសភា ឆ្នាំ២០២២ ខាងមុខ ហើយសិក្ខាកាមគំរូនៃវគ្គបណ្ដុះបណ្ដាលនេះ ក៏នឹងត្រូវបានជ្រើសរើសចូលរួមបេសកកម្មនេះផងដែរ។ ដូច្នេះឯកឧត្តមបានជំរុញឲ្យសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់សិក្សាឲ្យបានល្អបំផុត។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុក សិទ្ធិជាតិ ក្នុងនាមតំណាងក្រសួងអប់រំ យុវជន និងកីឡាបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ដែលខិតខំរៀបចំវគ្គបណ្ដុះបណ្ដាលកម្រិតអន្ដរជាតិនេះឡើង ពិសេសបង្ហាញឲ្យឃើញការគាំទ្ររបស់សហព័ន្ធអត្តពលកម្មអាស៊ី ចំពោះការអភិវឌ្ឍនៃវិស័យកីឡាអត្តពលកម្មកម្ពុជា ហើយនេះក៏ជាសញ្ញាណវិជ្ជមានសម្រាប់ត្រៀមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជាដែរ។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសអត្តពលកម្មអន្ដរជាតិកម្រិត១ ដែលសហការរៀបចំរវាងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត និងសហព័ន្ធអត្តពលកម្មអាស៊ីនេះបែងចែកជា ២វគ្គ វគ្គទី១ រៀបចំរយៈពេល ៥ថ្ងៃពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមីនាមានសិក្ខាកាមចូលរួម ២៥នាក់ ហើយវគ្គទី២ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ខាងមុខដែលគ្រោងមានសិក្ខាកាមចូលរួម ២៥នាក់ដូចគ្នា៕
អត្ថបទ៖ លី ឈុនឡា