អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បាននិយាយថា ជនស៊ីវិលស៊ូដង់ លើសពី ១សែននាក់ ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីទីក្រុង Al Fasher និងភូមិជុំវិញនោះ នៅក្នុងរដ្ឋ North Darfur របស់ប្រទេសស៊ូដង់ ដោយសារតែអសន្តិសុខកាន់តែអាក្រក់ទៅៗ ក្រោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា RSF ដណ្ដើមបានការគ្រប់គ្រងនៅទីនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (២១ ធ្នូ) ទីភ្នាក់ងារអន្តោប្រវេសន៍ UN មួយនេះបាននិយាយថា មនុស្សប្រមាណ ១០៧.២៩៤ នាក់ ឬប្រហែល ២៤.២២១ គ្រួសារ បានភៀសខ្លួនចេញពីទីក្រុង Al Fasher និងតំបន់ក្បែរៗនោះ ចន្លោះថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៨ ខែធ្នូ នៅពេលយោធាប៉ារ៉ា RSF បានចូលគ្រប់គ្រងទីក្រុង និងស្របពេលស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង។
អង្គការ IOM បន្តថា អត្រាប្រហែល ៧២% នៃជនភៀសខ្លួនទាំងនោះ នៅតែស្ថិតនៅក្នុងតំបន់ North Darfur ដោយផ្ដោតជាចម្បងនៅក្នុងតំបន់ភាគខាងជើង និងភាគខាងលិចនៃរដ្ឋ ខណៈប្រហែល ១៩% បានផ្លាស់ទៅរដ្ឋផ្សេងទៀត។
IOM ព្រមានថា តួលេខទាំងនេះគឺជាតួលេខបឋម ហើយអាចនឹងមានការផ្លាស់ប្តូរបានគ្រប់ពេល ដោយសារអសន្តិសុខនៅតែបន្ត និងលទ្ធភាពនៃការភៀសខ្លួនបន្ថែមយ៉ាងឆាប់រហ័ស ហើយស្ថានភាពនៅតែប្រែប្រួល និងតានតឹងខ្លាំង៕

