ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី២២ ខែធ្នូ) នេះ បានឲ្យដឹងថា ស្ថាប័នកំពុងស្វែងរកវិធានការដាក់វិន័យលើមន្ត្រីប្រហែល ១០នាក់ ក្នុងនោះរួមមានទាំងបុគ្គលិកយោធា ជុំវិញការជាប់ពាក់ព័ន្ធរបស់ពួកគេ នៅក្នុងការប្រកាសច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីក្រសួង បានចាប់ផ្តើមនូវក្រុមការងារផ្ទាល់របស់ស្ថាប័ន ដែលជាផ្នែកមួយនៃការស៊ើបអង្កេតយ៉ាងទូលំទូលាយរបស់រដ្ឋបាល លោក Lee Jae Myung ដែលផ្តោតលើក្រសួង និងទីភ្នាក់ងារចំនួន ៤៩ស្ថាប័ន ជុំវិញការប្រព្រឹត្តិពុំត្រឹមត្រូវ ពាក់ព័ន្ធនឹងក្រឹត្យច្បាប់អាជ្ញាសឹករបស់ប្រធានាធិបតីដែលត្រូវបានបណ្តេញចេញ លោក Yoon Suk Yeol។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាថ្ងៃទី២២ ខែធ្នូនេះ អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី Chung Bin-na បាននិយាយថា៖ «ក្រុមពិសេសគ្រោងនឹងស្នើសុំវិធានការដាក់វិន័យ លើបុគ្គលប្រហែល ១០នាក់ នៅយប់ថ្ងៃនេះ ខណៈដែលអង្គភាពស៊ើបអង្កេត និងវិភាគ ក្រោមការគ្រប់គ្រងរបស់ក្រុមការងារក្រសួងការពារជាតិ ស្តីពីការគោរពរដ្ឋធម្មនុញ្ញ និងនវានុវត្តន៍រដ្ឋាភិបាល ពិនិត្យលើការរកឃើញនៃសវនកម្មផ្ទៃក្នុងរបស់ក្រសួង»។
លោកស្រី Chung បានបញ្ជាក់ថា ក្រសួងការពារជាតិបានធ្វើសវនកម្មផ្ទៃក្នុងរបស់ខ្លួន នៅក្នុងខែសីហា ខែកញ្ញា និងខែតុលា មុនពេលចាប់ផ្តើមក្រុមពិសេស ហើយថា ការរកឃើញនេះកំពុងត្រូវបានពិនិត្យឡើងវិញម្តងទៀតដោយអង្គភាពស៊ើបអង្កេត និងវិភាគដែលដឹកនាំដោយលោកវរសេនីយ៍ឯក Park Jung-hoon។
គួរបញ្ជាក់ថា អង្គភាពស៊ើបអង្កេត និងវិភាគ ត្រូវបានបង្កើតឡើង ក្រោមការគ្រប់គ្រងរបស់ក្រុមពិសេស ដើម្បីពិនិត្យមើលពីវិធានការតាមក្រោយ ដូចជានីតិវិធីដាក់ពិន័យវិន័យ និងលទ្ធភាពនៃការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងបន្ថែមការរកឃើញមុន និងពិនិត្យមើលការចោទប្រកាន់បន្ថែម អំពីភាពស្មុគស្មាញ នៅក្នុងសេចក្តីប្រកាសច្បាប់អាជ្ញាសឹកនោះ៕

