បាល់ទាត់៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនឹងឈានដល់វគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រនាចុងសប្ដាហ៍នេះហើយ ក្រោយដំណើរការប្រកួតជម្រុះតាមពូលអស់រយៈពេល ១ខែកន្លងមក។
សម្រាប់បេក្ខភាពដែលឡើងមកដល់វគ្គ ៨ក្រុមចុងក្រោយនេះរួមមានក្រុម TN Kandal និងក្រុមស្វាយរលំអេហ្វស៊ីឈរលេខ១ និងលេខ២ ពូល A, ក្រុមយុវជនស្រុកកៀនស្វាយ និងយុវជនស្រុកមុខកំពូលឈរលេខ១ និងលេខ២ ពូល B, ក្រុមយុវជនស្រុកល្វាឯម និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាលឈរលេខ១ និងលេខ២ ពូល C និងក្រុមយុវជនក្រុងតាខ្មៅ និងក្រុមយុវជនស្រុកខ្សាច់កណ្ដាលឈរលេខ១ និងលេខ២ នៃពូល D។ ចំពោះការប្រកួតដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនឹងធ្វើឡើង ២ថ្ងៃក្នុងនោះនៅថ្ងៃទី០៥-មីនាមាន ២គូរួមមានក្រុម TN Kandal ជួបក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល និងក្រុមយុវជនស្រុកកៀនស្វាយត្រូវជួបក្រុមយុវជនស្រុកខ្សាច់កណ្ដាល។ រីឯថ្ងៃទី០៦-មីនាមាន ២គូដូចគ្នាគឺក្រុមយុវជនស្រុកល្វាឯមជួបក្រុមស្វាយរលំអេហ្វស៊ី និងក្រុមយុវជនក្រុងតាខ្មៅជួបក្រុមយុវជនស្រុកមុខកំពូល។
ឯកឧត្តម គង់ សោភ័ណ្ឌ ធ្លាប់មានប្រសាសន៍ថា គោលបំណងនៃការផ្ដួចផ្ដើមគំនិតរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីបំផុសស្មារតីបំផុសចលនាយុវជននៅតាមបណ្តាក្រុង-ស្រុក និងមន្ទីរជំនាញជុំវិញខេត្ត ក៏ដូចជាវិស័យឯកជន ដែលស្រលាញ់វិស័យកីឡា មានឱកាសបង្ហាញសមត្ថភាព ទេពកោសល្យ ហើយក្លាយជាធនធានតំណាងខេត្តសម្រាប់ឈានទៅចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ពិសេសគឺគាំទ្រយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ គួរបញ្ជាក់ថា ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់អភិបាលខេត្តកណ្ដាលឆ្នាំ២០២២ នេះបានចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី០២ ខែកុម្ភៈមកម្ល៉េះដោយមាន ១៨ក្រុមចូលរួមមកពីមន្ទីរ រដ្ឋបាលក្រុង-ស្រុកទាំង ១១ និងវិស័យឯកជនក្នុងខេត្តកណ្ដាល ហើយបានបែងចែកជា ៤ពូលក្នុងមួយពូលមាន ៤ក្រុម និង ៥ក្រុម ហើយការប្រកួតគ្រោងនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ៕
អត្ថបទ៖ លី ឈុនឡា