មន្ត្រីជាន់ខ្ពស់នៃបក្សកុម្មុយនីស្តដែលកំពុងកាន់អំណាចរបស់ប្រទេសវៀតណាម បានចាប់ផ្តើមកិច្ចប្រជុំរយៈពេល ២ថ្ងៃ នៅថ្ងៃចន្ទ (ទី២២ ខែធ្នូ) ជាការជួបជុំពិភាក្សាដែលនឹងជ្រើសរើសបេក្ខជនកាន់តំណែងដឹកនាំប្រទេស សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។
ការជួបជុំនេះកើតឡើងមុនសមាជរបស់គណបក្សរៀងរាល់ ៥ឆ្នាំម្ដង ដែលគ្រោងនឹងធ្វើនៅថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ជាពេលវេលាដែលនឹងមានការតែងតាំងមេដឹកនាំផ្លូវការ ហើយកំណត់គោលនយោបាយ និងគោលដៅសេដ្ឋកិច្ចសំខាន់ៗ សម្រាប់រយៈពេលដែលនៅសល់នៃទសវត្សរ៍នេះ។

ប្រធានបក្ស លោក To Lam បានបើកកិច្ចប្រជុំ ដោយនិយាយថា កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមរបស់គណបក្ស មានភារកិច្ចក្នុងការបញ្ចប់ដំណើរការជ្រើសរើសមេដឹកនាំរដ្ឋ និងគណបក្ស។ នេះបើយោងតាមសុន្ទរកថារបស់លោកដែលបានចេញផ្សាយនៅលើគេហទំព័ររដ្ឋាភិបាល។
លោក Lam បានប្រាប់សមាជិកបក្សប្រហែលជា ២០០នាក់ ដែលចូលរួមកិច្ចប្រជុំនេះថា៖ «ខ្ញុំស្នើឲ្យអ្នកទាំងអស់គ្នាផ្តោតទៅលើបញ្ញាដ៏ជ្រៅជ្រះ និងការទទួឡខុសត្រូវរបស់អ្នក ដើម្បីជ្រើសរើសបុគ្គល ដែលត្រូវតែងតាំងសម្រាប់សមាជបក្សលើកទី១៤ ប្រកបដោយភាពស្មោះត្រង់ គោលបំណង និងមិនលម្អៀង»។
យ៉ាងណាក្ដី ឈ្មោះបេក្ខជនដែលត្រូវបានជ្រើសរើស អំឡុងការប្រជុំរបស់គណបក្សនៅមុននេះ មិនត្រូវបានគេបញ្ចេញឲ្យដឹងនោះឡើយ។ គណបក្សបានឲ្យដឹងនៅក្នុងគេហទំព័ររបស់ខ្លួនថា កិច្ចប្រជុំនេះនឹងបញ្ចប់នៅថ្ងៃទី២៣ ខែធ្នូ ប៉ុន្តែអាជ្ញាធរមិនបានបញ្ជាក់ថា តើការសម្រេចរបស់កិច្ចប្រជុំពេញអង្គនេះ នឹងត្រូវបានបង្ហាញជាសាធារណៈ បន្ទាប់ពីបានបញ្ចប់ដែរ ឬទេ។
គួរបញ្ជាក់ថា លោក Lam ដែលមានវ័យ ៦៨ឆ្នាំ កំពុងស្វែងរកអាណត្តិទី២ ជាប្រធានបក្ស ដែលជាការងារដ៏មានឥទ្ធិពលបំផុតរបស់ប្រទេស ដែលរូបលោកទទួលបាន កាលពីខែសីហា ឆ្នាំ២០២៤ បន្ទាប់ពីអ្នកស្នងតំណែងមុនរបស់លោក គឺលោក Nguyen Phu Trong បានទទួលមរណភាព៕
