ក្រុមមន្រ្តីនិយាយថា ឧត្តមសេនីយ៍ឯកម្នាក់របស់រុស្ស៊ី ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍ផ្ទុះរថយន្តបង្កប់គ្រាប់បែកនៅទីក្រុងមូស្គូ ។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី និយាយថា លោកឧត្តមសេនីយ៍ឯក Fanil Sarvarov បានស្លាប់នៅព្រឹកថ្ងៃចន្ទនេះ ក្រោយគ្រឿងផ្ទុះបង្កប់នៅក្រោមរថយន្ត បានផ្ទុះឡើង ។
ពួកគេបន្តថា លោក Sarvarov គឺជាប្រធាននាយកដ្ឋានហ្វឹកហ្វឺនប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ។ ការស៊ើបអង្កេតបង្ហាញថា វាអាចជាប់ពាក់ព័ន្ធនឹងសេវាកម្មចារកម្មអ៊ុយក្រែន ។ អ៊ុយក្រែនពុំបានធ្វើសេចក្តីអត្ថាធិប្បាយនោះទេ ចំពោះឧបទ្ទេហេតុមួយនេះ ។

អ្នកស្រី Svetlana Petrenko គឺជាអ្នកនាំពាក្យគណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី និយាយថា ការពិនិត្យកន្លែងកើតហេតុកំពុងបន្ត ។ ក្រុមអ្នកស៊ើបអង្កេតនឹងបញ្ជាឲ្យមានការពិនិត្យចាំបាច់ រួមទាំងការធ្វើ កោសល្យវិច្ច័យ និងការវិភាគគ្រឿងផ្ទុះ ។ សាក្សីត្រូវបានសាកសួរ ហើយរូបភាពវីដេអូឃ្លីបរបស់កាមេរ៉ាសុវត្ថិភាព ត្រូវបានពិនិត្យមើល ។
ក្រុមស៊ើបអង្កេតត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ស្ថិតនៅភាគខាងត្បូងរដ្ឋធានីមូស្គូ ។ សារព័ត៌មានរុស្ស៊ី រាយការណ៍ថា ហេតុការណ៍ផ្ទុះគ្រាប់បែកនេះ បានកើតមាននៅចំណតរថយន្ត ស្ថិតនៅជិតអគារផ្ទះល្វែង ៕
