បុគ្គលិកនៃក្រុមជួយសង្គ្រោះម្នាក់ បានប្រាប់ឲ្យដឹងថា រថយន្តក្រុងដឹកអ្នកដំណើរ ១គ្រឿង បានបុករបាំងផ្លូវពេញទំហឹង នៅលើផ្លូវហាយវេរបស់ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃចន្ទ (ទី២២ ខែធ្នូ) ដោយបានបណ្ដាលឲ្យក្រឡាប់ ជាឧបទ្ទវហេតុដែលបាននាំឲ្យមនុស្សយ៉ាងហោចណាស់ ១៦នាក់បាត់បង់ជីវិត។

ប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះ លោក Budiono បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រថយន្តក្រុងដែលធ្វើដំណើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង Yogyakarta បានបើកបរក្នុងល្បឿន «លឿនគួរសម» នៅពេលដែលរថយន្តនោះបានទៅដល់ផ្លូវកោង នៅផ្លូវបំបែកលើផ្លូវហាយវេនោះ។
លោកបានប្រាប់ទៀតថា ឡានបានក្រឡាប់ក្រោយបុករបាំងផ្លូវនោះ។ លោក Budiono បាននិយាយថា៖ «យើងបានជម្លៀសមនុស្ស ៣៤នាក់ចេញ»។
លោកបានបន្ថែមថា មនុស្ស ១៥នាក់ ត្រូវបានប្រកាសថា ស្លាប់នៅកន្លែងកើតហេតុ ខណៈម្នាក់ទៀតបាត់បង់ជីវិតនៅឯមន្ទីរពេទ្យ។ លោកបានឲ្យដឹងទៀតថា អ្នករងរបួសជាច្រើននាក់ត្រូវបានដឹកទៅទីក្រុង Semarang ដើម្បីព្យាបាល ។
វីដេអូដែលចែករំលែកដោយទីភ្នាក់ងារនេះ បានបង្ហាញឲ្យឃើញក្រុមជួយសង្រ្គោះ លើកជនរងគ្រោះដាក់ចូលទៅក្នុងថង់សាកសព ខណៈដែលរថយន្តក្រុងក្រឡាប់នៅក្បែរនោះ៕

