ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) លោក Alexander Bikantov បានប្រាប់ សារព័ត៌មានTASSថា កងទ័ពរបស់ប្រទេសនេះ ត្រូវបានបំពាក់អាវុធយ៉ាងល្អ និងបន្តការពង្រឹង ដោយមានការគាំទ្រពីរុស្ស៊ី ដោយសារទីក្រុងមូស្គូនៅតែជាដៃគូបច្ចេកទេសយោធាដ៏សំខាន់របស់សាធារណរដ្ឋនេះ។
លោក Bikantov បាននិយាយថា៖«កងទ័ពសាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR)មានកម្លាំងកើនឡើង មានបំពាក់អាវុធយ៉ាងល្អ មានរចនាសម្ព័ន្ធអង្គការទំនើប និងកំពុងពង្រឹងឥតឈប់ឈរ។ អង្គភាពថ្មីៗកំពុងលេចចេញឡើង ដែលឆ្លុះបញ្ចាំងពីសាខាផ្សេងៗនៃកងកម្លាំងប្រដាប់អាវុធ ក្នុងទ្រង់ទ្រាយតូចជាង។ ទាំងនេះរួមមានអង្គភាពទំនាក់ទំនង កងវិស្វកម្ម និងអាកាសចរណ៍ប្រយុទ្ធ រួមទាំងឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង ដែលមានសមត្ថភាពបំពេញភារកិច្ចជាច្រើន ចាប់ពីការឈ្លបយកការណ៍រហូតដល់ការទម្លាក់គ្រាប់បែកលើគោលដៅលើដី»។

លោកបានបន្ថែមថា ទស្សនវិស័យសម្រាប់កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ី និងសាធារណរដ្ឋនេះ ក្នុងឧស្សាហកម្មការពារជាតិ គឺមានសង្ឃឹមខ្ពស់។ យោងតាមលោកឯកអគ្គរដ្ឋទូត បានឲ្យដឹងថា រុស្ស៊ីគឺជាដៃគូឈានមុខគេរបស់សាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងវិស័យនេះ ដោយជួយក្នុងការកសាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ និងផ្លាស់ប្តូរពួកគេទៅជាកងទ័ពទំនើប អាចបត់បែនបាន និងមានសមត្ថភាពគ្រប់គ្រាន់ដោយខ្លួនឯង។
នាពេលថ្មីៗនេះ លោក Faustin-Archange Touadera ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល បានថ្លែងនៅក្នុងសុន្ទរកថាមួយទៅកាន់រដ្ឋសភាថា៖ កងទ័ពរបស់ប្រទេសនេះ បានពង្រីកពីកងទ័ពចំនួន ៦.០០០ នាក់ដល់ ២៦.០០០ នាក់ ក្នុងរយៈពេល ៩ ឆ្នាំកន្លងមកនេះ ដោយមានផែនការបង្កើនកម្លាំងរបស់ខ្លួន ដល់ ៥០.០០០នាក់៕
