រុស្ស៊ី៖ ក្រុមហ៊ុន Bayerische Motoren Werke AG ហៅកាត់ថា BMW ដែលជាក្រុមហ៊ុនផលិតរថយន្តទំនើបរបស់អាល្លឺម៉ង់បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ឈប់ការនាំចេញផលិតផលរថយន្តទៅកាន់ប្រទេសរុស្ស៊ី ហើយនឹងបញ្ឈប់ខ្សែសង្វាក់ផលិតកម្មយានយន្តជាមួយដៃគូ នៅក្នុងទីក្រុងកាលីនីនក្រាដ (Kaliningrad) របស់រុស្ស៊ី។
អ្នកនាំពាក្យក្រុមហ៊ុន BMW បាននិយាយថា យើងថ្កោលទោសការឈ្លានពានចូលអ៊ុយក្រែន និងតាមដានការវិវឌ្ឍន៍ជាបន្តបន្ទាប់ទាំងក្ដីបារម្ភ និងរន្ធត់យ៉ាងខ្លាំង។ ដោយសារតែស្ថានភាពភូមិសាស្ត្របច្ចុប្បន្ន យើងនឹងបញ្ឈប់ការផលិតក្នុងតំបន់របស់យើង និងការនាំចេញទៅកាន់ទីផ្សាររបស់រុស្ស៊ីរហូតដល់មានការជូនដំណឹងបន្ថែម។ ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកមួយនេះក៏បាននិយាយផងដែរថា ការផ្អាកខ្សែសង្វាក់ផ្គត់ផ្គង់នានាដូចជាការបិទរោងចក្រផ្គត់ផ្គង់មួយចំនួននៅអ៊ុយក្រែន នឹងប៉ះពាល់ដល់ដំណើរការផលិតនៅរោងចក្រមួយចំនួន។
ជាការរួមចំណែកមួយក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តទំនើប Ford របស់សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនកំពុងផ្អាករាល់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ខណៈដែលក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិកមួយទៀតគឺ General Motors បានបញ្ជាក់ថា ខ្លួននឹងផ្អាករាល់ការនាំចេញទាំងអស់ទៅកាន់ប្រទេសរុស្ស៊ី៕
អត្ថបទ៖ សុខមាន