អង្គភាពសន្តិសុខផ្ទៃក្នុងស៊ីរីបានរុះរើក្រុមភេរវកររដ្ឋអ៊ីស្លាម Daesh នៅក្នុងតំបន់ Daraya ភាគនិរតីនៃទីក្រុងដាម៉ាស កាលពីថ្ងៃអាទិត្យ។
ដោយសហការជាមួយអគ្គនាយកដ្ឋានស៊ើបការណ៍សម្ងាត់ទូទៅ អាជ្ញាធរបានឆ្មក់ចូលកន្លែងលាក់ខ្លួនរបស់ ក្រុមរដ្ឋអ៊ីស្លាម Daesh និងចាប់ខ្លួនជនសកម្មប្រយុទ្ធជាច្រើន។
ស៊ីរី និងសហរដ្ឋអាមេរិកបានចោទប្រកាន់ក្រុមភេរវករនេះថា បានពួនស្ទាក់វាយប្រហារដ៏សាហាវមួយ កាលពីដើមខែនេះ ដែលបានបណ្តាលឲ្យជនជាតិអាមេរិក បីនាក់ ស្លាប់ និង បុគ្គលិកស៊ីរី ពីរនាក់ រងរបួស នៅក្នុងទីក្រុង Palmyra ភាគកណ្តាលប្រទេសស៊ីរី។

លោកឧត្តមសេនីយ៍ត្រី Ahmad al-Dalati ប្រធានសន្តិសុខផ្ទៃក្នុងនៅតំបន់ជនបទដាម៉ាស បានប្រកាសថា ប្រតិបត្តិការនេះ បានបណ្តាលឲ្យមានការរុះរើក្រុមភេរវករ និងការចាប់ខ្លួនមេដឹកនាំក្រុម Daesh ម្នាក់ រួមជាមួយសមាជិក ៦ នាក់ ផ្សេងទៀត។ លោកបានបន្ថែមថា អាវុធ និងគ្រាប់រំសេវជាច្រើន ក៏ត្រូវបានរឹបអូសផងដែរ។
លោកបាននិយាយថា ប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់ក្រសួងមហាផ្ទៃ ដើម្បីកម្ទេចប្រភពភេរវកម្ម បញ្ជៀសការគំរាមកំហែងដល់សន្តិសុខសហគមន៍ និងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេសនេះ។ នេះបើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ស៊ីរី។
កាលពីថ្ងៃសុក្រ យោធាអាមេរិកបានបើកការវាយប្រហារសងសឹកទ្រង់ទ្រាយធំ និងប្រតិបត្តិការជាក្រុមប្រឆាំងនឹងគោលដៅ និងក្រុមសកម្មប្រយុទ្ធ IS នៅក្នុងប្រទេសស៊ីរី៕
