ក្រសួងការបរទេសចិន និយាយនៅថ្ងៃចន្ទនេះថា ការរឹបអូសដោយបំពានរបស់សហរដ្ឋអាមេរិកលើនាវាប្រទេសផ្សេង គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ហើយចិនសូមធ្វើការជំទាស់រាល់ទណ្ឌកម្មខុសច្បាប់ និងឯកតោភាគីទាំងអស់ ។
លោក Lin Jian គឺជាអ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា វេណេស៊ុយអេឡា មានសិទ្ធិអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសផ្សេង ។
ក្រុមមន្ត្រីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សហរដ្ឋអាមេរិក បានស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿងទៀតហើយ ក្នុងដែនទឹកអន្តរជាតិ នៅឆ្នេរសមុទ្រវ៉េណេស៊ុយអេឡា ដែលបង្កើនភាពមិនប្រាកដប្រជានៃការផ្គត់ផ្គង់ថ្មី ខណៈការស្ទាក់ចាប់ចុងក្រោយបំផុតនេះ គឺជានាវាទី ៣ ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា កងឆ្មាំល្បាតឆ្នេរអាមេរិក បានស្ទាក់ចាប់នាវាដឹកប្រេងមួយគ្រឿងទៀត ក្នុងដែនទឹកអន្តរជាតិ នៅជិតវ៉េណេស៊ុយអេឡា ដោយធ្វើឲ្យចំនួនសរុបនៃនាវាដែលត្រូវបានរឹបអូស កើនដល់ ៣គ្រឿង គិតចាប់តាំងពីថ្ងៃទី១០ ខែធ្នូ រហូតមក ។
ក្រុមគ្រប់គ្រងហានិភ័យសមុទ្រ Vanguard របស់អង់គ្លេស រួមជាមួយប្រភពសន្តិសុខសមុទ្រសហរដ្ឋអាមេរិក បានបញ្ជាក់ថា វាគឺជានាវាដឹកប្រេង Bella 1 ដែលត្រូវបានចុះទៅក្នុងបញ្ជីទណ្ឌកម្មកាលពីឆ្នាំមុនរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ថាជានាវាមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ៕
