ក្រសួងការបរទេសចិន នៅថ្ងៃចន្ទ (ទី២២ ខែធ្នូ) នេះ បានឲ្យដឹងថា ប្រទេសចិនបានដាក់កំណត់ទូតតវ៉ាជាមួយប្រទេសជប៉ុន ទាក់ទងនឹងដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ពីសំនាក់មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ខណៈដែលទំនាក់ទំនង រវាងប្រជាជាតិអាស៊ីបូព៌ាទាំង២ មានភាពតានតឹង។
អ្នកនាំពាក្យ លោក Lin Jian បាននិយាយថា «ប្រទេសចិនបានប្រឆាំងយ៉ាងខ្លាំង និងបានដាក់ការតវ៉ាយ៉ាងម៉ឺងម៉ាត់ជាមួយភាគីជប៉ុន» ដោយបានជំរុញឲ្យប្រទេសជប៉ុន «ពិចារណាយ៉ាងហ្មត់ចត់ អំពីកំហុសឆ្គងរបស់ខ្លួន»។

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te បានទទួលអគ្គលេខាធិការប្រតិបត្តិស្តីទីរបស់គណបក្ស LDP លោក Koichi Hagiuda នៅការិយាល័យរបស់មេដឹកនាំ ក្នុងទីក្រុងតៃប៉ិ នាថ្ងៃចន្ទនេះ ហើយបានជំរុញឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងទីក្រុងតៃប៉ិ និងតូក្យូ ដើម្បីជួយរក្សាស្ថិរភាព ក្នុងតំបន់ និងធ្វើកាន់តែប្រសើរឡើងនូវតំបន់ «ឥណ្ឌូប៉ាស៊ី-ហ្វិកសេរី និងបើកចំហ»។
ដំណើរទស្សនកិច្ចរបស់លោក Hagiuda កើតឡើងស្របពេលដែលទំនាក់ទំនងការទូត រវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង ស្ថិតក្នុងកម្រិតទាបបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក Sanae Takaichi បានលើកឡើងកាលពីខែមុនថា ការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ អាចបង្កឲ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ។
ប្រទេសចិនបានឆ្លើយតបដោយមានកំហឹងយ៉ាងខ្លាំងក្លា ហើយបាននិងកំពុងជំរុញឲ្យមេដឹកនាំជប៉ុនដកសេចក្តីថ្លែងការណ៍របស់ខ្លួននេះ៕
