អាជ្ញាធរក្នុងស្រុកនិយាយថា ដំរីព្រៃ ៧ក្បាល បានងាប់ និងកូនដំរី ១ក្បាលទៀត បានរងរបួស ពេលដែលរថភ្លើងដឹកអ្នកដំណើរល្បឿនលឿនបុកហ្វូងពួកវាដែលឆ្លងកាត់ផ្លូវដែកនៅរដ្ឋភាគឦសាន Assam របស់ប្រទេសឥណ្ឌា ។

លោក Kapinjal Kishore Sharma គឺជាអ្នកនាំពាក្យផ្លូវរថភ្លើងឥណ្ឌា និយាយប្រាប់ទីភ្នាក់ងារព័ត៌មាន APថា អ្នកបើករថភ្លើង បានឃើញហ្វូងដំរីប្រហែល ១០០ក្បាល ហើយនិងបានប្រើហ្វ្រាំងសង្រ្គោះបន្ទាន់ ប៉ុន្តែរថភ្លើងនៅតែបុកដំរីមួយចំនួន បណ្តាលឲ្យពួកវាងាប់ ៧ក្បាល ។
លោក Sharma បន្តថា រថភ្លើង ៥ទូ និងក្បាលរថភ្លើង បានធ្លាក់ផ្លូវ ក្រោយហេតុការណ៍បុកនេះ ប៉ុន្តែគ្មានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ។
ពេទ្យសត្វបានធ្វើកោសល្យវិច័យដំរីងាប់ដែលត្រូវបានយកទៅកប់ក្រោយពេលកើតហេតុ ។ តំបន់ជួបឧបទ្ទេវហេតុនេះ គឺជាតំបន់ព្រៃមានចម្ងាយប្រហែល ១២៥គ.មភាគអាគ្នេយ៍រដ្ឋធានី Guwahati រដ្ឋ Assam ៕
