ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យ (ទី២១ ខែធ្នូ)ថា សង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន នឹងមិនបញ្ចប់ពិតប្រាកដទេ ប្រសិនបើសហគមន៍អន្តរជាតិមិនបង្កើនសម្ពាធលើរុស្ស៊ី ដោយលើកឡើងពីការបន្តការវាយប្រហារ និងការប្រឹងប្រែងរំខានដល់ការដឹកជញ្ជូនតាមសមុទ្ររបស់អ៊ុយក្រែន។

តាមរយៈសារវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម លោក Zelenskyy បាននិយាយសង្ខេបឡើងវិញនូវអ្វីដែលបានកើតឡើងកាលពីសប្តាហ៍មុន ក្នុងនោះរួមទាំងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើតំបន់ Odesa ផងដែរ។ លោកបានលើកឡើងថា រុស្ស៊ីកំពុងប្រឹងប្រែងបិទខ្ទប់លទ្ធភាពរបស់អ៊ុយក្រែនមិនឲ្យចូលទៅកាន់ផ្លូវសមុទ្រ។
លោក Zelenskyy បានបញ្ជាក់ថា៖ «ពិភពលោកមិនត្រូវនៅស្ងៀមដដែលនោះឡើយ អំពីរឿងនេះ។ គ្រប់គ្នាត្រូវតែមើលឲ្យឃើញថា បើគ្មានសម្ពាធលើរុស្ស៊ីទេ ពួកគេមិនមានបំណងបញ្ចប់ការឈ្លានពានរបស់ខ្លួនពិតប្រាកដនោះឡើយ។ ដូច្នេះ សម្ពាធត្រូវតែកើនឡើង»។
ជាមួយគ្នានេះ លោក Zelenskyy ក៏បានស្វាគមន៍ផងដែរ ចំពោះការសម្រេចរបស់សហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ ក្នុងការខ្ចីប្រាក់រួមគ្នាចំនួន ៩០ពាន់លានអឺរ៉ូ (១០៥ពាន់លានដុល្លារ) ដើម្បីផ្តល់ប្រាក់កម្ចីដល់អ៊ុយក្រែន ក្នុងរយៈពេល ២ឆ្នាំ ដោយផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដ៏សំខាន់ សម្រាប់តម្រូវការថវិកា និងយោធារបស់ប្រទេសលោក៕
