បាល់ទាត់៖ ក្រុមបាល់ទាត់នៅក្របខណ្ឌ League Championship អង់គ្លេស Middlesbrough បានធ្វើឱ្យមានការភ្ញាក់ផ្អើលក្រោយទំលាក់ក្រុមនៅ Premier League, Tottenham Hotspur ត្រឹមជុំទី៥ FA Cup។

Middlesbrough បានបន្តស្ថិតិអស្ចារ្យរបស់ខ្លួននៅ FA Cup រដូវកាលនេះ បន្ទាប់ពីកីឡាករយុវជន Josh Coburn ដែលជាកីឡាករបម្រុងផ្លាស់ប្តូរចូលនោះគឺជាអ្នកស៊ុតបញ្ចូលទីក្នុងម៉ោងបន្ថែមឱ្យ Middlesbrough ទទួលបានជ័យជំនះក្នុងទឹកដី Riverside Stadium របស់ខ្លួន។ សូមបញ្ជាក់ថា Middlesbrough មុនឡើងមកទំលាក់ Spurs នេះបានទំលាក់ក្រុមបិសាចក្រហម Manchester United នៅ Old Trafford ផងដែរ។ ដោយឡែកការប្រកួតផ្សេងទៀត Manchester City មិនមានបញ្ហាឡើយនៅពេលធ្វើដំណើរទៅទឹកដី Peterborough ដោយយកឈ្នះក្នុងលទ្ធផល ២-០។

ពីរគ្រាប់របស់ Manchester City សំរេចបាននៅវគ្គទី២ ដោយ Riyad Mahrez និង Jack Grealish។ ក្រុមជើងឯក FA Cup ៦សម័យ Manchester City នឹងរកឃើញគូប្រកួតរបស់ខ្លួនជុំបន្ទាប់ ក្រោយការប្រកួតនៅយប់ថ្ងៃព្រហស្បតិ៍នេះ។ គូចុងក្រោយយប់មិញ Crystal Palace យកឈ្នះ Stoke City ២-១ ផងដែរ៕
អត្ថបទ៖នាង សុភាវុធ