ទីភ្នាក់ងារអវកាសរបស់ប្រទេសជប៉ុន បានឲ្យដឹងថា នៅថ្ងៃចន្ទ (ទី២២ ខែធ្នូ) នេះ រ៉ូកែត ឬយានចម្លង H3 របស់ខ្លួន បានបរាជ័យមិនអាចនាំយកផ្កាយរណបកំណត់ទីតាំងភូមិសាស្ត្រចូលកាន់គន្លងតារាវិថី ដោយសារមានបញ្ហាម៉ាស៊ីន។
យោងតាមទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) បានបញ្ជាក់ថា ម៉ាស៊ីនដំណាក់កាលទី២ «បានលែងដំណើរការមុនកំណត់» បន្ទាប់ពីរ៉ូកែតនេះ បានហោះឡើងនៅវេលាម៉ោង ១០:៥១នាទីព្រឹក ម៉ោងក្នុងស្រុក ពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគខាងត្បូងនៃប្រទេសជប៉ុន។

ទីភ្នាក់ងារអវកាសបានេះបន្តទៀតថា រ៉ូកែតនោះមិនអាចដាក់ចូលទៅក្នុងគន្លងតារាវិថីបានឡើយនូវផ្កាយរណបទី៦ សម្រាប់ប្រព័ន្ធ «Michibiki» ដែលមានផ្កាយរណប ៧គ្រឿង ដោយ «ធ្វើឲ្យការបាញ់បង្ហោះមិនទទួលបានជោគជ័យ»។ ទីភ្នាក់ងារនេះបានបន្ថែមថា ស្ថាប័នបានចាប់ផ្តើមការស៊ើបអង្កេត ចំពោះអ្វីដែលបណ្តាលឲ្យមានបញ្ហានេះ។
គួរបញ្ជាក់ថា បើយោងតាម JAXA បានឲ្យដឹងថា ប្រព័ន្ធកំណត់ទីតាំងភូមិសាស្ត្ររបស់ជប៉ុននេះ ត្រូវបានរចនាឡើង ដើម្បីផ្តល់ជូននូវទិន្នន័យកាន់តែប្រសើរឡើង សម្រាប់ប្រទេស ដោយអាចឲ្យមានសេវាកម្មអ្នកប្រើប្រាស់ល្អជាងមុន ដូចជាប្រព័ន្ធរុករករថយន្ត និងផែនទីស្មាតហ្វូនជាដើម។
តែទីភ្នាក់ងារអវកាសបានប្រកាសប្រហែល ៤០នាទីបន្ទាប់ពីបានបាញ់បង្ហោះរ៉ូកែតនេះថា ម៉ាស៊ីនដំណាក់កាលទី២ របស់វា ដែលបញ្ឆេះបន្ទាប់ពីដំណាក់កាលទី២ នៃការផ្តាច់រ៉ូក្កែត បានឈប់ដំណើរការលឿនជាងការរំពឹងទុក។ ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីមានបញ្ហាបច្ចេកទេស បានពន្យារពេលការបាញ់បង្ហោះដំបូងចំនួន ២លើក៕
