គណបក្សស្តាំនិយមជ្រុល Vox របស់ប្រទេសអេស្ប៉ាញ បានកើនឡើងអាសនៈទ្វេដង នៅក្នុងតំបន់ Extremadura អំឡុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដោយធ្វើឲ្យកាន់តែស្មុគស្មាញដល់កិច្ចពិភាក្សាបង្កើតរដ្ឋាភិបាលចម្រុះ ជាមួយក្រុមទទួលបានសំឡេងឆ្នោតនាំមុខ គឺគណបក្សអភិរក្សនិយម People's Party និងបង្ហាញពីភាពខ្លាំងរបស់គណបក្សនេះ នៅមុនការបោះឆ្នោតក្នុងតំបន់ផ្សេងទៀត នាឆ្នាំក្រោយ។

គណបក្សសង្គមនិយម Workers' Party (PSOE) របស់លោកនាយករដ្ឋមន្ត្រី Pedro Sanchez បានបាត់បង់ ១០កៅអី នៅក្នុងសភាដែលមាន ៦៥អាសនៈ ដោយបន្តនិន្នាការធ្លាក់ចុះពីឆ្នាំ២០២៣ នៅពេលដែលខ្លួនចងសម្ព័ន្ធជាមួយគណបក្ស People's Party (PP) ដែលចូលកាន់តំណែងដោយមានការគាំទ្ររបស់គណបក្ស Vox។
ការបាត់បង់សំឡេង នៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងអស់ជាច្រើនទសវត្សរ៍មកហើយនោះ បានធ្វើឲ្យមានសម្ពាធបន្ថែមទៀតលើគណបក្ស PSOE ដែលរដ្ឋាភិបាលជាតិភាគតិចរបស់ពួកគេ បានចុះខ្សោយដោយសារមានរឿងអាស្រូវជាបន្តបន្ទាប់។ ការបោះឆ្នោតថ្នាក់តំបន់ គ្រោងកើតមាននៅតំបន់ Aragon, Castile & Leon និង Andalusia នៅឆ្នាំក្រោយ។
អ្នកគ្រប់គ្រងតំបន់ Extremadura លោកស្រី Maria Guardiola ដែលជាសមាជិករបស់គណបក្ស PP បានប្រកាសការបោះឆ្នោតមុនអាណត្តិ បន្ទាប់ពីមិនទទួលបានការអនុវម័តច្បាប់ថវិកាតំបន់ ខណៈដែលគណបក្ស Vox បដិសេធមិនគាំទ្រសំណើនោះ។
គណបក្ស PP ទទួលបាន ២៩អាសនៈ ដែលលើសមួយកៅអី កាលពីឆ្នាំ២០២៣ ប៉ុន្តែខ្វះ ៤អាសនៈនៃសំឡេងភាគច្រើន ខណៈដែលគណបក្ស Vox បានកើនឡើងដល់ ១១អាសនៈ ដោយកើនពី ៥អាសនៈ ដោយនេះជាថ្មីម្តងទៀតធ្វើឲ្យក្រុមអភិរក្សនិយម ត្រូវពឹងផ្អែកលើការគាំទ្រពីក្រុមស្តាំនិយមជ្រុល ដើម្បីដឹកនាំតំបន់នេះ៕
